×

ទើបភាគទី១ ប៉ុណ្ណោះតែរឿងភាគបុរាណខ្មែរ “ចោះត្រចៀក” ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន

ភ្នំពេញ៖ ទើបបភាគទី១ប៉ុណ្ណោះប៉ុន្តែរឿងភាគបុរាណខ្មែរ “ចោះត្រចៀក” ទទួលបានការកោតសរសើរចំពោះទេពកោសល្យសម្តែងរបស់តួអង្គនីមួយៗដែលបានញ៉ាំងឱ្យសាច់រឿងមានភាពរស់រវើក និងជក់ចិត្តក្នុងការទស្សនាជាខ្លាំង។ រឿងភាគបុរាណនេះ ប្រជុំទៅដោយតារាសម្តែងប្រុសស្រីល្បីៗដែលពោរពេញដោយបទពិសោធន៍ក្នុងវិស័យសិល្បៈជាច្រើនឆ្នាំដែលជាចំណែកបានបង្កើនទស្សនីយភាពល្អឯកសម្រាប់ទស្សនិកជនបានទស្សនា។

សម្រាប់ភាគដំបូងដែលបានចាក់ផ្សាយកាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះរឿង “ចោះត្រចៀក” បានបង្ហាញឱ្យឃើញពីតថភាពក្នុងគ្រួសារឧកញ៉ាល្បីឈ្មោះប្រចាំស្រុកមានភរិយាស្រស់ស្អាតម្នាក់ស្រលាញ់ស្វាមីខ្លាំងរហូតកើតជាក្តីហួងហែងហ៊ានធ្វើអ្វីគ្រប់សព្វបែបយ៉ាងដើម្បីឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ក្លាយជាកម្មសិទ្ធិរបស់នាងតែម្នាក់គត់។

នៅក្នុងភាគដំបូងនេះដែរ បាបម្រើម្នាក់ត្រូវបានលោកជំទាវ ចន្ទ្រា ចោះត្រចៀកបន្សល់ស្នាមពេញមួយជីវិតបន្ទាប់ពីដឹងថា បាបម្រើរូបនោះមានបំណងចង់ទាក់ទងលោកឧកញ៉ា សាខន។ មិនដឹងថា ការប្រចណ្ឌរបស់លោកជំទាវនឹងធ្វើឱ្យមាននារីរងគ្រោះប៉ុន្មាននាក់ទៀតត្រូវលោកជំទាវចោះត្រចៀកនោះ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង