×

ស្រ្តីអង់គ្លេសម្នាក់ស្ទើរតែបាត់បង់ជី វិតក្រោយឆ្លងដោយបាក់តេរីម្យ៉ាង

ស្ត្រីអង់គ្លេសម្នាក់ដែលមានវ័យ២៧ឆ្នាំ ស្ទើរតែបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីឆ្លងបាក់តេរីម្យ៉ាងឈ្មោះថា necrotizing Fasciitis ដែលជាបាក់តេរីស៊ីសាច់។ បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស អ្នកស្រី Charleigh Chatterton បានសម្រាលកូនស្រីម្នាក់ដោយពុំមានផលវិបាកណាមួយក្រោយសម្រាលឡើយ ប៉ុន្តែស្រាប់តែមានកន្ទួលលេចឡើងនៅលើពោះរបស់នាង ទើបត្រូវត្រឡប់មកកាន់មន្ទីរពេទ្យវិញ។

ក្រោយធ្វើរោគវិនិច្ឆ័យ ក្រុមគ្រូពេទ្យរកឃើញថា អ្នកស្រីបានឆ្លងបាក់តេរី necrotizing Fasciitis និងមានឱកាសរស់តិចតួចបំផុត។ អំឡុងពេលដែលក្រុមគ្រូពេទ្យបានធ្វើតេស្ដ ស្ថានភាពសុខភាពរបស់ស្ត្រីរូបនេះ គឺកាន់តែយ៉ាប់យ៉ឺន និងមិនដឹងខ្លួន។ ការឆ្លងបាក់តេរីមួយប្រភេទនេះ តម្រូវឱ្យស្ត្រីរូបនោះត្រូវធ្វើការវះកាត់បន្ទាន់ ដើម្បីយកជាលិកាដែលងាប់ចេញយ៉ាងច្រើន និងបញ្ឈប់បាក់តេរីស៊ីសាច់កុំឱ្យរាលដាលបន្ថែមទៀត។

រោគសញ្ញារបស់ស្ត្រីអង់គ្លេស
• កន្ទួលនៅលើពោះ
• នៅពេលដែលប៉ះត្រង់កន្ទួលនោះ សីតុណ្ហភាពរាងកាយចាប់ផ្តើមក្តៅខ្លាំង
• សន្លប់មិនដឹងខ្លួន។

ការឆ្លងបាក់តេរី Necrotizing Fasciitis មិនមែនជាករណីកម្រខ្លាំងនោះឡើយ។ បើយោងតាមការស្ទង់មតិមួយ បានបង្ហាញថា មានមនុស្សប្រហែលជា៥០០នាក់នៅប្រទេសអង់គ្លេស បានឆ្លងបាក់តេរីមួយនេះ ជារៀងរាល់ឆ្នាំ។ តើបាក់តេរីនេះជាអ្វី? ហើយប៉ះពាល់ដល់មនុស្សដោយរបៀបណា?

• បាក់តេរីនេះប៉ះពាល់ដល់ជាលិកាដែលស្ថិតនៅក្រោមស្បែក
• អាចបណ្តាលឱ្យមានរបួសស្រាល
• បើមិនព្យាបាលភ្លាមៗទេនោះ អាចគ្រោះថ្នាក់ដល់អាយុជីវិត
• រោគសញ្ញាអាចស្រដៀងទៅនឹងជំងឺគ្រុនផ្ដាសាយធំ ឬកន្ទួល និងហើមនៅតាមផ្នែកផ្សេងៗនៃរាងកាយ
• អាចវិលមុខ និងវង្វេងស្មារតី។

ចុងក្រោយ បញ្ហាឆ្លងបាក់តេរីនេះ អាចវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស ហើយថែមទាំងអាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាការបង្ករោគក្នុងឈាម និងខ្សោយសរីរាង្គថែមទៀតផង។

ការឆ្លងបាក់តេរីនេះបណ្តាលមកពីអ្វី?
ការឆ្លងបាក់តេរីអាចជ្រាបចូលទៅក្នុងរាងកាយតាមរយៈ៖
• ការមុត និងរលាត់ស្បែក
• ការរលាក
• សត្វល្អិតទិច
• ការវះកាត់
• ការចាក់ថ្នាំ។

អ្នកដែលស្ថិតក្នុងហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ គឺអ្នកដែលមានជំងឺទឹកនោមផ្អែម ឬមានប្រព័ន្ធភាពស៊ាំខ្សោយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង