ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានកក់កៅអីនៅក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោកនៅក្នុងប្រទេសរ៉ូម៉ានី លើវិញ្ញាសា Mobile Legends: Bang Bang បន្ទាប់ពីក្រុមអ្នកចម្បាំងអង្គរ បានទទួលជ័យជម្នះ នៅក្នុងការប្រកួតវគ្គជម្រុះនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងថ្ងៃទីពីរកាលពីម្សិលម្សិញ ក្រុមជម្រើសជាតិកម្ពុជា បានទទួលជោគជ័យនៅក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ IESF Gamers8 Asian Championship 2023 ដែលជាការប្រកួតជម្រុះយកក្រុមខ្លាំងតំណាងឱ្យទ្វីបអាស៊ី ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក 15th World Esports Championship IASI 2023 នៅប្រទេសរ៉ូម៉ានី។
ក្នុងការប្រកួតដែលកំពុងដំណើរការនេះ កម្ពុជាបានជួបជាមួយប្រទេសម៉ុងហ្គោលី មកពីអាស៊ីខាងកើត ប្រទេសនេប៉ាល់តំណាងឱ្យអាស៊ីកណ្ដាល និងប្រទេសអារ៉ាប់រួមតំណាងឱ្យអាស៊ីខាងលិច។ ជាលទ្ធផល ក្នុងការប្រកួតវគ្គសន្សំពិន្ទុដែលបានបញ្ចប់ កម្ពុជាដែលជាក្រុមតំណាងឱ្យអាស៊ីអាគ្នេយ៍ ទទួលបានជ័យជម្នះ២ និងចាញ់១ ពោលគឺឈ្នះទៅលើក្រុមអារ៉ាប់រួម ដោយលទ្ធផល ២-០ ចាញ់ក្រុមម៉ុងហ្គោលី ០-២ និងឈ្នះក្រុមនេប៉ាល់ ២-០ ។
ជ័យជម្នះនេះ មានន័យថា ក្រុមអ្នកចម្បាំងអង្គរ មានលក្ខណៈគ្រប់គ្រាន់ដើម្បីតំណាងឱ្យទ្វីបអាស៊ី ចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោក 15th World Esports Championship IASI 2023 ។
ក្នុងចំណោម ៨ ប្រទេសដែលចូលរួមប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងការប្រកួតវគ្គជម្រុះ IESF Gamers8 Asian Championship 2023 នេះ នឹងមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេសរ៉ូម៉ានី ដើម្បីតំណាងឱ្យទ្វីបអាស៊ីក្នុងការប្រកួតកម្រិតពិភពលោកនៅឯព្រឹត្តិការណ៍ 15th World E-sports Championships IASI 2023។
ទោះជាយ៉ាងណា យុទ្ធនាការរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជានៅទីក្រុងរីយ៉ាត មិនទាន់ចប់នោះទេ ដោយពួកគេត្រូវប្រកួតនៅវគ្គ Playoff ជួបជាមួយក្រុមហ្វីលីពីន និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅដណ្ដើមពានរង្វាន់ IESF Gamers8 Asian Championship 2023 នេះ៕