ភ្នំពេញ៖ ជាតួអង្គដែលសម្តែងជាឧកញ៉ា សាខន ក្នុងរឿងភាគបុរាណខ្មែរ “ចោះត្រចៀក” ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ ចាប់ពីម៉ោង ៨-៩យប់ ឌីម៉ង់ ភីជេមន៍ កំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ ជាហេតុធ្វើឱ្យតារាប្រុសរូបនេះក្តោបបានតំណែងជាតួឯកជាបន្តបន្ទាប់។
ជាមួយនឹងរឿងភាគបុរាណ “ចោះត្រចៀក” លោកសម្តែងជាតួអង្គឧកញ៉ាវ័យក្មេងដែលមិនត្រឹមតែមានទ្រព្យសម្បត្តិមហាសាលប៉ុណ្ណោះទេ តែថែមទាំងជាបុរសមានមន្តស្នេហ៍ធ្វើឱ្យបាបម្រើស្រីក្មេងៗក្នុងផ្ទះបាក់ចិត្តលើត្រឹមបានជួបលើកដំបូង។
ដោយសារតែមានទាំងទ្រព្យសម្បត្តិ និងរូបសម្បត្តិបែបនេះហើយទើបធ្វើឱ្យលោកជំទាវ ចន្ទ្រា ហួងហែងខ្លាំងរហូតហ៊ានលើកដៃដាក់ទោសបាបម្រើស្រីណាដែលហ៊ាននៅក្បែរលោក ឧកញ៉ា សាខន។
សន្ទុះប្រជាប្រិយភាព និងសមត្ថភាពរបស់ ឌីម៉ង់ ភីជេមន៍ បានធ្វើឱ្យលោកឆក់បានតំណែងតួឯកជាក្នុងរឿងថ្មីៗជាបន្តបន្ទាប់ដែលពេលនេះលោកក៏កំពុងមមាញឹកជាមួយការថតភាពយន្តបុរាណថ្មីមួយទៀតរបស់ស្ថានីយទូរទស្សន៍ CTN ផងដែរ។
ក្រៅពីមានសមត្ថភាពសិល្បៈហើយ តារាប្រុសដែលកំពុងទទួលបានប្រជាប្រិយភាពរូបនេះថែមទាំងមានរូបរាងស្រស់សង្ហាទៀតផង មិនថាក្នុងឈុតសម្លៀកបំពាក់បុរាណ ឬ សម័យឡើយ ឌីម៉ង់ ភីជេមន៍ បានជះភាពសង្ហារបស់ខ្លួនមិនស្ទើរឡើយ៕