×

មកដឹងពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយ

គ្នាយើងមួយចំនួនច្បាស់ជាយល់ឃើញថា អាការត្អើក ជាអាការដ៏រំខានមួយ ពិសេសពេលយើងកំពុងញ៉ាំអាហារហើយត្អើកកើតឡើង។ ស្របគ្នានេះ ទារកក៏អាចត្អើកដូចមនុស្សធំដែរ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនបែរជាកើតក្ដីបារម្ភទាក់ទងនឹងបញ្ហាទារកត្អើកញឹកញាប់។

មូលហេតុដែលធ្វើឱ្យទារកត្អើកញឹកញាប់ អាចបណ្ដាលមកពីប៉ាម៉ាក់ព្យាយាមឱ្យកូនម៉ឹមលឿន ម៉ឹមឆ្អែតពេក ញ៉ាំច្រើនពេក ផឹកច្រើន ឬលឿនព្រោះវាបណ្ដាលឱ្យឈ្លក់ កូនលេបខ្យល់ចូលក្នុងពោះ ហើយកត្តាផ្លាស់ប្ដូរអាកាសធាតុក៏អាចបណ្ដាលឱ្យទារកជួបបញ្ហានេះច្រើនដែរ។ នេះបើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។

លោកបានបន្ថែមឱ្យដឹងថា មូលហេតុទារកត្អើកញឹកញាប់ ក៏អាចកើតឡើងដោយសារសាច់ដុំសន្ទះទ្រូង នៅសុខៗស្រាប់តែកន្ត្រាក់ភ្លាមៗ។ ក្រៅពីការត្អើកដោយសារម៉ឹមដោះម៉ាក់ៗ ឬម៉ឹមទឹកដោះគោក៏អាចត្អើកបានដែរព្រោះតែការច្រាលក្រពះពោះវៀន។ ក្នុងករណីទារកច្រាលក្រពះពោះវៀន ត្អើកមិនមែនជារោគសញ្ញាតែមួយទេ នៅមានសញ្ញាមួយចំនួនរួមផ្សំទៀតដូចជា៖

• ក្អក
• ក្អែ
• មួម៉ៅ យំ
• ពើងទ្រូង (ពិសេសពេលកំពុងបៅ ឬក្រោយបៅរួច)។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុទារកត្អើកញឹកញាប់ មិនមែនជារឿងធំដុំរបស់ទារកដែលម៉ាក់ប៉ាគួរបារម្ភពេកទេ។ យើងអាចដោះស្រាយអាការត្អើកលើទារកបានជាមួយតិចនិកដូចជា៖
1. ព្យាយាមឱ្យកូនបៅបន្ថែមតិចៗ
2. លើកកូនឱ្យផ្កាប់លើស្មា និងរឹតខ្នងកូនតិចៗ
3. អាចពញ្ញាក់កូន បើកូនមានភាពរំញោច។
ក្នុងករណីទារកត្អើកយូរដល់២ម៉ោង ម៉ាក់ប៉ាត្រូវនាំកូនទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឱ្យបានលឿន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង