×

ដើមឈើ១៥០០០ដើម នឹងត្រូវដាំនៅស្រុកមោងឫស្សី ក្រោមយុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី” ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម អង្គ វង្សវឌ្ឍានា និងឯកឧត្តម កើត រិទ្ធ

បាត់ដំបង៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកមោងឫស្សី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី” នៅស្រុកមោងឫស្សី។​

ផ្អែកតាមរបាយការណ៍ ឯកឧត្តម កេង សុម៉ារិទ្ធ ប្រធានក្រុមការងារទទួលបន្ទុកយុវជន នៃក្រុមការងារចុះជួយស្រុកមោងឫស្សី បានឱ្យដឹងថា សម្រាប់កូនឈើដែលនាំមកដាំនៅតាមដងផ្លូវជាតិលេខ៥ ដែលមានចម្ងាយ៤៣គីឡូម៉ែត្រ មានចំនួន ១៥,០០០ដើម ក្នុងនោះមានកូនក្ងោកចំនួន ៥,០០០ដើម កូនធ្នង់ ចំនួន ៥,០០០ដើម និងមានកូនឈើចម្រុះដូចជា៖ កូនគគីរ បេង ឈើទាល ចំនួន៥,០០០ដើម។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី បានមានគូសបញ្ជាក់ថា យុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី” នេះ ត្រូវបានរៀបចំឡើងក្នុងពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍឥតឈប់ឈរ។ កត្តាសន្តិភាពនេះ បានផ្តល់ឱកាសឱ្យក្រុមការងារចុះជួយស្រុកមោងឫស្សី អាចរៀបចំនូវព្រឹត្តិការណ៍ជាច្រើននៅក្នុងស្រុកមោងឫស្សី នាពេលកន្លងមក និងរួមទាំងព្រឹត្តិការណ៍យុទ្ធនាការ “បៃតងសន្តិភាពមោងឫស្សី”។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីទាំងអស់ រួមសាមគ្គីគ្នាបន្តចូលរួមការពារ និងថែរក្សាសន្តិភាពកម្ពុជាឱ្យបានគង់វង្ស ដើម្បីឱ្យកម្ពុជាមានការអភិវឌ្ឍបន្តទៅមុខទៀត។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកមោងឫស្សី ក៏បានបញ្ជាក់អំពីគោលបំណងនៃការបង្កើតឱ្យមានយុទ្ធការ “បៃតងសន្តិភាពមោងឫស្សី” នេះ​ ផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន ៣ សំខាន់ៗ រួមមាន៖

ទី១-ដើម្បីចូលរួមអបអរសាទរពិធី “រុក្ខទិវា ៩ កក្កដា” ឆ្នាំ២០២៣ ដែលទើបរៀបចំឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ទី២-ដើម្បីឱ្យស្រុកមោងឫស្សី មានទេសភាពកាន់តែស្រស់ស្អាតជាមួយនឹងធម្មជាតិពណ៌បៃតង និងពណ៌ក្រហមឆ្អិនឆ្អៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ និងតាមបណ្តោយផ្លូវនានាតាមភូមិ ឃុំ ព្រមទាំងទីកន្លែងសាធារណៈផ្សេងទៀតក្នុងភូមិសាស្ត្រនៃស្រុកមោងឫស្សី និង

ទី៣-ដើម្បីបំផុតទឹកចិត្ត និងស្មារតីប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីនិយាយជារួម និងយុវជនស្រុកមោងឫស្សីនិយាយដោយឡែក ឱ្យចេះស្រឡាញ់បរិស្ថាន តាមរយៈការមិនកាប់ដើមឈើ ប៉ុន្តែ​ ថែមទាំងចូលរួមដាំដើមឈើឡើងវិញផងដែរ។

ឯកឧត្តម ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន សូមចូលរួមយុទ្ធនាការនេះឱ្យបានទាំងអស់គ្នា ដើម្បីបង្កើនសម្រស់ស្រុកមោងឫស្សីឱ្យមានភាពស្រស់បំព្រងនៅពេលអនាគត ដែលនេះជាមោទនភាពសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយនៃអ្នកស្រុកមោងឫស្សី។ បន្ថែមពីនេះ ឯកឧត្តម កើត រិទ្ធ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកមោងឫស្សី ត្រូវចេះដឹងគុណអ្នកដែលបានខិតខំកសាងនូវសមិទ្ធផលនានា នាពេលបច្ចុប្បន្ននេះ និងជាពិសេសគឺសុខសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃតាមរយៈការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀងក្នុងឱកាសនេះដែរ ឯកឧត្តម កើត រិទ្ធ ក៏បានថ្លែងអំណរគុណ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់កូនឈើដល់ក្រុមការងារចុះជួយស្រុកមោងឫស្សីសម្រាប់រៀបចំយុទ្ធនាការនេះ ព្រមទាំងបានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានសហការ និងក្រុមការងារចុះជួយស្រុកមោងឫស្សី ដែលបានខិតខំទាំងថ្ងៃទាំងយប់ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ៕



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង