ហុងកុង៖ Lau Dan ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជាតារាសម្តែងជើងចាស់មួយរូប និងត្រូវជាឪពុកបង្កើតរបស់តារាប្រុស Hawick Lau បានប្រាប់សារព័ត៌មានហុងកុងកាលពីពេលថ្មីៗនេះថា ចៅស្រីរបស់លោកហាក់បង្ហាញសញ្ញាទាក់ទងនឹងវិបត្តិផ្លូវចិត្តដែលនាងពួនសំងំយំតែម្នាក់ឯងរាល់ពេលមុនចូលគេង។
តារាសម្តែងជើងចាស់រូបនេះបានបន្ថែមថា ចៅស្រីវ័យ ៩ឆ្នាំរបស់លោកបានវិវឌ្ឍសភាពបែបនេះដោយសារនឹករឭកម្តាយ ចង់មានម្តាយនៅក្បែរខ្លាំងពេក។ តាមប្រភពបានឱ្យដឹងថា Lau Dan បានស្រក់ទឹកភ្នែកពេលកំពុងផ្តល់បទសម្ភាសដោយសារអាណិតចៅស្រីដែលរងការឈឺចាប់ស្ងាត់ៗ។
ទោះជាយ៉ាងណា អ្នកនិយមលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិថា តារាសម្តែងជើងចាស់រូបនេះមានចេតនាបង្កើតរឿងឡើងដើម្បីជាន់ពន្លិច Yang Mi និងចង់លើកកូនប្រុសខ្លួនឯងប៉ុណ្ណោះ៕