ការស្ទះទឹកដោះក្រោយសម្រាលអាចកើតឡើងចំពោះម៉ាក់ៗមួយចំនួន ដែលបណ្តាលឱ្យតឹង និងឈឺសុដន់ ហើយអាចមិនមានទឹកដោះឱ្យកូនបៅ។ ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចមានអាការអ្វីខ្លះ? ហើយគួរធ្វើម៉េច?
ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចមានអាការដូចជា៖
• មានដុំរឹងនៅក្នុងសុដន់
• តំបន់ជុំវិញដុំរឹងនៅក្នុងសុដន់អាចឡើងក្រហម ហើម និងក្តៅ
• តឹង និងឈឺសុដន់
• មិនចេញទឹកដោះ ឬចេញតិចៗ
ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចសាកល្បងតាមវិធីដូចខាងក្រោម ព្រោះបើទុកយូរអាចបណ្តាលឱ្យម៉ាក់ៗរលាកសុដន់៖
១. បំបៅដោះ ឬបូមទឹកដោះ
ម៉ាក់ៗគួរបំបៅដោះ ឬបូមទឹកដោះខាងសុដន់ដែលស្ទះ (អាចម្ខាង ឬសងខាង) រៀងរាល់មួយម៉ោងកន្លះទៅពីរម៉ោងម្តងដើម្បីជួយបង្ហូរទឹកដោះ និងបើកបំពង់ទឹកដោះដែលស្ទះ។
២. ច្រចាច់ទឹកដោះឱ្យចេញអស់ពីសុដន់
ពេលម៉ាក់ៗបំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗត្រូវប្រាកដថាគ្មានទឹកដោះនៅសល់ក្នុងសុដន់។ បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗគួរច្រចាច់សុដន់មើល ថាតើនៅមានទឹកដោះចេញមកទៀតទេ? បើនៅមាន ម៉ាក់ៗគួរបន្តបំបៅកូន ឬបូមទឹកដោះបន្តរហូតដល់អស់ដើម្បីកុំឱ្យស្ទះបំពង់ទឹកដោះ នៅពេលក្រពេញទឹកដោះផលិតទឹកដោះថ្មី។
៣. ស្អំទឹកក្តៅ
មុនបំបៅ ឬបូមទឹកដោះ ម៉ាក់ៗអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ ពូតឱ្យស្ងួតបន្តិច រួចស្អំសុដន់កន្លែងដែលស្ទះ ១៥-២០ នាទីដើម្បីបើកបំពង់ទឹកដោះ។ ម្យ៉ាងទៀត ការងូតទឹកក្តៅឧណ្ហៗក៏អាចជួយបានដែរ។ ពេលងូតទឹក ម៉ាក់ៗត្រូវបង្ហូរទឹកក្តៅឧណ្ហៗលើសុដន់ដែលស្ទះ ហើយម៉ាក់ៗក៏អាចយកក្រាសដែលមានធ្មេញធំៗមកសិតថ្នមៗពីគល់សុដន់មកចង់សុដន់ដើម្បីជួយបើកបំពង់ទឹកដោះដែលស្ទះដែរ។
៤. ប្តូរឥរិយាបថក្នុងការបំបៅ
ម៉ាក់ៗអាចប្តូរឥរិយាបថក្នុងការបំបៅអាអូនដូចជា អង្គុយបំបៅដោយដាក់អាអូននៅក្រោមដោះម៉ាក់ៗដើម្បីឱ្យទំនាញផែនដីជួយបង្ហូរទឹកដោះពីដោះម៉ាក់ៗ។ លើសពីនេះទៅទៀត ពេលបំបៅ ម៉ាក់ៗគួរដាក់ចង្កា និងច្រមុះកូនឱ្យចំកន្លែងដែលមានដុំរឹង ដូច្នេះពេលកូនបៅកូននឹងបៅចំបំពង់ទឹកដោះដែលស្ទះ ហើយចង្កាកូនអាចប៉ះកន្លែងដែលមានដុំរឹង ក៏ដូចជាជួយម៉ាស្សាឱ្យម៉ាក់ៗដែរ។
៥. ម៉ាស្សាសុដន់
មុនពេល ឬពេលម៉ាក់បំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗគួរម៉ាស្សាសុដន់ដែលស្ទះដោយចាប់ផ្តើមពីតំបន់ដែលមានដុំរឹងរហូតដល់ចុងសុដន់ជាចលនារង្វង់ដើម្បីជួយបើកបំពង់ទឹកដោះ។
៦. ចៀសវាងពាក់អាវទ្រនាប់តឹងពេក
ម៉ាក់ៗគួរបន្ធូរអាវទ្រនាប់បន្តិច កុំពាក់អាវទ្រនាប់តឹងពេក និងចៀសវាងពាក់អាវទ្រនាប់ដែលមានកងទ្រពីក្រោមដើម្បីកុំឱ្យទឹកដោះស្ទះកាន់តែខ្លាំង។
៧. ញុំាថ្នាំបំបាត់ការឈឺចាប់
ម៉ាក់ៗអាចញុំាប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់។ បើម៉ាក់ៗចង់ញុំាថ្នាំផ្សេង ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ជាងនេះទៅទៀត ម៉ាក់ៗបំបៅដោះមិនអាចញុំាថ្នាំអាស្ពីរីនបានទេ។ ការស្ទះទឹកដោះក្រោយសម្រាលអាចបណ្តាលឱ្យម៉ាក់ៗរលាកសុដន់ ប្រសិនបើទុកយូរ ដូច្នេះប្រសិនបើអាការម៉ាក់ៗមិនធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃទេ ឬអាការម៉ាក់ៗកាន់តែធ្ងន់ទៅៗ ម៉ាក់ៗគួរទៅជួបគ្រូពេទ្យ៕
ប្រភព៖ Hellokrupet