×

ស្ត្រីម្នាក់អះអាងថាខ្លួនត្រូវបានចោរដេញប្លន់ដល់បុរីខណៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថានាងព្យាយាមរត់គេចបណ្តឹងលួចប្រាក់

សង្គម៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim បានចែករំលែកវីដេអូ និងសារក្រើនរំឭកឱ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាពទាំងអស់គ្នាថា “សូមពុកម៉ែបងប្អូនចំណាយពេលមើលវីដេអូនេះរហូតដល់ចប់ នេះជាហេតុការដែលខ្ញុំជួបផ្ទាល់នៅថ្ងៃសុក្រ ទី០៧ វេលាម៉ោង១១:៣០ នាទីយប់បន្ទាប់ពីនាងខ្ញុំ និងម្តាយចេញពីហាងហូបស៊ុបមួយកន្លែងត្រលប់មកផ្ទះវិញស្រាប់តែមានក្រុមចោរមួយក្រុមមានឡានពីរគ្រឿង ម៉ូតូបីគ្រឿង និងមានអាវុធក្នុងដៃហើយមានឡានមួយគ្រឿងនោះទំនងជាឡានរបស់អង្គភាពក្នុងក្របខ័ណ្ឌណាមួយដែលមានសារ៉ែននៅពីលើ”។

គណនីខាងលើបានបន្ថែមឱ្យដឹងថា “ក្រុមចោរដែលមានគ្នាជាក្រុមធ្វើសកម្មភាពយ៉ាងសាហាវឃោរឃៅស្ទាក់ខ្ញុំពីមាត់ផ្លូវចូលផ្ទះរហូតដល់ក្នុងបុរីដែលមានសន្តិសុខនៅយាមពីមុខ តែឃាត់វាមិនបានរហូតចូលក្នុងបុរីដែលមានផ្ទះប្រជាជនរស់នៅជុំវិញ។ ដោយមូលហេតុពេលនោះសន្តិសុខបុរីមិនអាចឃាត់ និងជួយដល់ខ្ញុំបានខ្ញុំក៏សម្រេចចិត្តជិះចេញពីបុរីដើម្បីទៅផ្ទះបងប្អូននៅម្តុំបឹងត្របែកឱ្យជួយ តែពួកវានៅតែព្យាយាមជិះតាមពីក្រោយរហូតនាងខ្ញុំជាន់ឡានសឹងតែឆេះម៉ាស៊ីនទម្រាំដល់ផ្ទះបងប្អូន និងមានប្រជាពលរដ្ឋរស់នៅកុះករច្រើនទើបមានសុវត្តិភាព”។

“នេះជាវីដេអូនៅតាមដងផ្លូវជុំវិញបុរីរាល់វីដេអូរូបភាព និងផ្លាកលេខឡានក្រុមចោរដែលធ្វើសកម្មភាពនៅយប់នោះខ្ញុំថតបានទាំងអស់ ខ្ញុំសូមអំពាវនាវដល់បងៗសមត្ថកិច្ច និងថ្នាក់ដឹកនាំសូមជួយពង្រឹង និងវែកមុខរកពួកក្រុមចោរប្លន់ដ៏សាហាវឃោរឃៅទាំងនេះផងដើម្បីសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសឡើយ គ្រាន់តែបែកកញ្ចក់ខាងមុខបន្តិចប៉ុណ្ណោះ ដែលហេតុការណ៍នេះបានកើតឡើងនៅបុរីមួយក្រោយផ្សារព្រែកឯង”។

គួរបញ្ជាក់ដែរថា យោងតាមហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសបញ្ជាក់ថា៖ “សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១:២០យប់ ជាការចុះផ្សាយព័ត៌មានមិនពិត។

ជាក់ស្តែងស្ត្រីខាងលើជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីការបញ្ជាឱ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង