×

Team Maxតំណាងឱ្យកម្ពុជាកំពុងបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្តរជាតិPhygital Games នៅប្រទេសរុស្ស៊ី

Team Max កំពុងលេងតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Phygital Games 2023 ដែលប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២០-២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

Team Max ត្រូវបានជ្រើសរើសដោយអ្នករៀបចំដោយឃើញពីសមត្ថភាពរបស់ពួកគេក្នុងកម្រិតជាតិ និងអន្តរជាតិ។នេះជាការចូលរួមក្នុងព្រឹត្តិការណ៍ Phygital Games សាជាថ្មី។ លើកនេះ ពួកគេគ្រោងធ្វើឱ្យបានល្អជាងការប្រកួតកាលពីខែកុម្ភៈ Phygital Games ដែលក្រុមទទួលបានចំណាត់ថ្នាក់លេខ៣។

ការប្រកួតនេះ ត្រូវបានចែកជា ២ពូល ស្មើនឹង ៨ ក្រុម មកពី ៧ ប្រទេស។ ក្រុមតំណាងកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល A មានក្រុមម្ចាស់ផ្ទះរុស្ស៊ី Deus Vult ក្រុមម៉ុងហ្គោលី Team Lilgun និងក្រុមតួកគី Fire Flux Impunity ។ ពូល B មានក្រុមអារ៉ាប់រួម AXE Team ក្រុមអារ៉ាប់រួម Okami E-sports ក្រុមម៉ាឡេស៊ី Team HAQ និងក្រុមមីយ៉ាន់ម៉ា Flacon Esports។

MLBB គឺជាវិញ្ញាសាមួយ ដើម្បីសាកល្បងតេស្តអត្តពលិកនៅក្នុងពិភពឌីជីថល។ ការប្រកួតនឹងលេងតាមទម្រង់ Double-elimination ។ ក្រុមដែលបានឈានទៅប្រកួតវគ្គ Playoff នឹងប្រកួតស្របតាមប្រព័ន្ធអូឡាំពិក។ ក្រុមដែលឈ្នះហ្គេមច្រើនជាងគេ នឹងឈ្នះការប្រកួត។

Phygital Games មានប្រាក់រង្វាន់សរុបចំនួន ៣ លាន Ruble (ជាង៣ម៉ឺន៣ពាន់ដុល្លារអាមេរិក) ដែលក្នុងនោះ ១,២៥ លាន Ruble នឹងផ្ដល់ទៅជើងឯក។ ការប្រកួត ត្រូវបានរៀបចំក្រោម “Games of the Future” ដែលមានកីឡាផ្សេងៗ ដែលរួមបញ្ចូលកម្លាំងកាយ និងឌីជីថល រួមមានវិញ្ញាសា MLBB, Dota 2, ហុកគី, ជិះស្គីបន្ទះ, គុនចម្រុះ, បាល់ទាត់, បាល់បោះ, CSGO & Laser tag ជាដើម។

សូមបញ្ជាក់ថា ការប្រកួតដំបូងក្នុងវគ្គចែកពូលរបស់ Team Max ទល់នឹងក្រុមម្ចាស់ផ្ទះ Deus Vult បានទទួលបរាជ័យដោយលទ្ធផល ២-១ កាលពីម្សិលមិញ។ ទោះជាយ៉ាងណា Team Max នឹងត្រូវជួបជាមួយក្រុម Fire Flux Impunity សម្រាប់ការប្រកួតទីពីរ នាថ្ងៃទី២១ ខែកក្កដានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង