

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ខែមុននេះ ម៉ាដូណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោះបំណុលជាងកន្លះលានដុល្លាររួចស្រេចអស់ ថែមទាំងឡើងគេហដ្ឋានម្តុំទួលគោកយ៉ាងគគ្រឹកគគ្រេងទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាកំប្លែងរូបនេះថែមទាំងបង្កើតមុខរបរផ្ទាល់ខ្លួនដោយទទួលបានគាំទ្រពីសំណាក់អ្នកគាំទ្ររបស់លោកផងដែរ។ ជោគជ័យបានចូលមកជាបន្តបន្ទាប់ ប៉ុន្តែពេលនេះ ម៉ាដូណា បែរជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ដែលបៀមជំងឺអស់ជាច្រើនឆ្នាំ នេះបើយោងតាមផេកហ្វេសបុករបស់លោកបានចែករំលែកវីដេអូនៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ។

គួរបញ្ជាក់ដែរថា ក្នុងការបាត់បង់នេះ ម៉ាដូណា បានបញ្ជាក់ឱ្យដឹងថា ទោះបីជាយ៉ាងណាលោកក៏មានឱកាសបានជូនលោកឪពុករបស់ខ្លួនដើរកម្សាន្តបានជាច្រើនកន្លែងផងដែរ។ ជាមួយគ្នានេះក៏មានមហាជន និងមិត្តអ្នករួមសិល្បៈបានចូលរួមរំលែកទុក្ខដល់តារាកំប្លែងរូបនេះជាច្រើនផងដែរ៕
