×

អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស២គ្រឿងលើកីឡាលើកទម្ងន់ពីព្រឹត្តិការណ៍នគរបាលនិងកងពន្លត់អគ្គិភ័យពិភពលោក

កីឡាករលើកទម្ងន់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២គ្រឿងលើវិញ្ញាសា Bench Press ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

កីឡាករដែលដណ្តើមបានមេដាយមាសទាំង២គ្រឿងរួមមាន៖ កីឡាករ នុត ឧត្តម ដណ្តើមបានមេដាយមាស១គ្រឿង ប្រភេទទម្ងន់ ៥៩គីឡូក្រាម អាយុ៣០ឆ្នាំឡើង និងកីឡាករ នុត សេរីរដ្ឋា ដណ្តើមបានមេដាយមាស ១ ប្រភេទទម្ងន់ ៦៦គីឡូក្រាម អាយុ៣៥ឆ្នាំឡើង។

កម្ពុជាបានបញ្ជូនអត្តពលិកជានគរបាលជាតិ ទៅចូលរួមប្រកួតចំនួន ១៣ប្រភេទកីឡារួមមាន៖ កីឡាវាយសី យូដូ ជឺជីតស៊ូ ការ៉ាតេ ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់កាច់ដៃ វាយកូនគោល លើកទម្ងន់Bench Press និងកីឡាលើកទម្ងន់Push -Pull lifting ស្មើនឹង ៧៦ វិញ្ញាសា។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការអនុញ្ញាត ព្រមទាំងការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូកីឡាជានគរបាលជាតិកម្ពុជា សរុបចំនួន ៤៩រូប ធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ដែលតែងប្រារព្វធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមកពីបណ្តាប្រទេសជាង ៧០នៅជុំវិញពិភពលោកតែងតែបានមកចូលរួម ហើយសម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា។

ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យរបស់នគរបាលនៃបណ្តាប្រទេសនីមួយៗ ក៏ដូចជាការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធលើវិស័យកីឡាពីគ្នាទៅវិញទៅមកផងដែរ ដែលកម្មវិធីប្រកួតចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង