ព្រៃវែង៖ ដោយសារតែគិតសុខភាពកុមារជាចម្បង សាលារៀនព្រៃស្នៀត នាស្រុកពារាំង ខេត្តព្រៃវែង បានចេញច្បាប់មួយឱ្យអ្នកលក់ដូរម្ហូបអាហារក្នុងសាលាលក់តែម្ហូបខ្មែរប៉ុណ្ណោះដោយមានដូចជាបាយស្រូប បបរស នំបញ្ចុក នំគម បបរសណ្តែក បបរពោត និងម្ហូបអាហារជាច្រើនទៀតសម្រាប់សិស្សានុសិស្សបរិភោគ។
ការចេញច្បាប់មួយនេះបានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងដោយយោងតាមលោក យី សុថុន បានឱ្យដឹងថា “សុខភាព សុវត្ថិភាព កុមារជារឿងចម្បង ជាថ្មីម្តងទៀត យោងស្មារតីអង្គប្រជុំ ដោយមានការចូលរួមពីអាជ្ញាធរដែនដី គណៈទ្រទ្រង់ នាយកសាលា លោកគ្រូ អ្នកគ្រូ និងអ្នកលក់ដូរ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ សម្រេចលក់ចំណីអាហារនៅក្នុងសាលារៀនដូចមានជូនភ្ជាប់នូវ ឯកសារខាងក្រោម!”
“កន្លងមក យើងបានណែនាំ ពួកគាត់ជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមានការបន្លំលួចលក់ ចំណី អាហារខ្លះៗ ដែលក្រសួងហាមឃាត់។ លើកនេះគឺមិនមានការយោគយល់ទៀតទេ ! អធ្យាស្រ័យ និងយោគយល់ដល់បុគ្គលប៉ុន្មាននាក់ តែប៉ះពាល់ ដល់សុខភាព កុមារ ក្នុងមួយឃុំ! ពិតហើយថាការលក់ដូរ របស់បងប្អូន ដើម្បីជីវភាព ខ្ញុំពិតជាយល់ ប៉ុន្តែបងប្អូនត្រូវយល់ខ្ញុំវិញពីការស្រលាញ់ និងទំនួលខុសត្រូវចំពោះសុខភាពកុមារ បើបងប្អូនលក់អ្វីដែលមិនប៉ះពាល់ដល់សុខភាពកុមារ បងប្អូនពិតជាបានបុណ្យកុសលច្រើនណាស់”។
គួរបញ្ជាក់ដែរថា ចំពោះការចេញច្បាប់ប្រកាសនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមគាំទ្រជាខ្លាំង និងបានធ្វើឱ្យអាណាព្យាបាលសិស្សធូរស្រាលបានមួយកម្រិតផងដែរ។ ក្រៅពីការចាប់អារម្មណ៍លើច្បាប់ឱ្យលក់តែម្ហូបខ្មែរហើយនោះ គ្រប់គ្នាបានចាប់អារម្មណ៍លើកម្រងអក្សរដែលមានទឹកដៃល្អឯកពីលោក លាង សៀងហៃ គួរជាទីចាប់អារម្មណ៍៕