តៃវ៉ាន់៖ ជំនាន់ឆ្នាំ ២០០០ រឿង F4 បានធ្វើឱ្យផ្ទុះកក្រើកខ្លាំងជាហេតុធ្វើឱ្យតួអង្គសំខាន់ៗក្នុងរឿងមួយនេះមានភាពលេចធ្លោក្នុងវិស័យភាពយន្តត្រឹមមួយប៉ប្រិចភ្នែក។ យ៉ាងណាមិញ ក្នុងចំណោមក្រុម F4 និងតួអង្គសាន់ឆាយ ម្នាក់ៗបានបង្កើតគ្រួសារអស់ហើយ នៅឡើយតែតួអង្គ តៅមីងស៊ឺ សម្តែងដោយតារាប្រុស Jerry Yan ម្នាក់ប៉ុណ្ណោះដែលនៅលីវមិនគិតគូររឿងសាងគ្រួសារដូចគេបើទោះជាពេលនេះលោកមានវ័យ ៤៦ឆ្នាំហើយក៏ដោយ។
អ្នកគាំទ្រតារាប្រុសរូបនេះមានការងឿងឆ្ងល់ជាខ្លាំងចំពោះមូលហេតុដែលធ្វើឱ្យ Jerry មិនព្រមគិតគូរមានគ្រួសារដូចមិត្តរួមអាជីព ប៉ុន្តែពេលនេះនៅក្នុងបទសម្ភាសន៍កម្មវិធីកម្សាន្តទូរស័ព្ទកាលពីពេលថ្មីៗនេះ Jerry បានឱ្យទម្លាយប្រាប់ជាសាធារណៈអស់គ្មានសល់ថា៖
ដោយសារលោកធំធាត់ឡើងជាក្មេងខ្វះភាពកក់ក្តៅ និងក្តីស្រលាញ់ព្រោះឪពុកម្តាយលោកលែងលះតាំងពីលោកនៅតូច។ លោកចាំបានថា ម្តាយរបស់លោកធ្លាប់និយាយមកកាន់លោកថា លោកគឺជាកូនដែលគ្មានអ្នកណាស្រលាញ់ និងគ្មានអ្នកចង់ចិញ្ចឹម។ ទោះបីលោកយល់ថា ការខ្វះខាតជីវិតមិនមានម្ហូបញ៉ាំទើបធ្វើឱ្យម្តាយលោកនិយាយពាក្យទាំងនេះក៏ដោយ ប៉ុន្តែវាពិតជាធ្វើឱ្យលោកឈឺចាប់ខ្លាំងមិនអាចបំភ្លេចបាន។
ខណៈពេលដែលក្មេងទូទៅកំពុងរីករាយនឹងការសិក្សារបស់ខ្លួន តែ Jerry បែរជាកំពុងប្រមូលរបស់ក្មេងលេងទៅលក់តាមហាងដើម្បីបានប្រាក់ចិញ្ចឹមជីវិតព្រោះត្រូវរស់ដោយខ្លួនឯង រហូតចូលវ័យ ១២ឆ្នាំឪពុករបស់តារាប្រុសរូបនេះបានចែកឋានផងនោះ បានធ្វើឱ្យស្ថានភាពរបស់លោកពេលនោះកាន់តែដុនដានខ្លាំងឡើង។
Jerry បានបន្ថែមថា នៅពេលមានឱកាសបានសិក្សារហូតដល់ថ្នាក់វិទ្យាល័យ លោកត្រូវបង្ខំចិត្តឈប់រៀនពាក់កណ្តាលទីបើទោះជាលទ្ធផលសិក្សាល្អយ៉ាងណាក៏ដោយ ព្រោះជីវភាពខ្វះខាតមិនអាចឱ្យលោកបន្តការសិក្សាបានទៀត ហើយនេះក៏ជារឿងដែលធ្វើឱ្យលោកសោកស្តាយបំផុតក្នុងមួយជីវិតនេះ។
នៅពេលលោកធំពេញវ័យ និងមានឱកាសបានចូលសិល្បៈហើយ Jerry បានរងពាក្យរិះគន់អត្តចរឹតពីគ្រប់ទិសទីថាលោកមានជំងឺតួឯក ប៉ុន្តែជាក់ស្តែងស្រមោលអន្ទោលតាមប្រាណដែលធ្លាប់មានតាំងពីតូចមកធ្វើឱ្យលោកមានអត្តចរឹតមិនសូវចេះនិយាយស្តី និងមិនចូលចិត្តភាពអ៊ូអរឡើយ។ ដោយសារភាពឈឺចាប់ទាំងនេះហើយទើបធ្វើឱ្យលោកខ្លាចរឿងរៀបការបំផុត ព្រោះលោកខ្លាចកូនរបស់លោករងអារម្មណ៍ឈឺចាប់ដូចលោកធ្លាប់ឆ្លងកាត់កន្លងមក៕