
តៃវ៉ាន់ៈ បន្ទាប់ពីបានរៀបការជាមួយគ្នាមកតារាសម្តែងតៃវ៉ាន់ Barbie Hsu និងស្វាមីជនជាតិកូរ៉េ DJ KOO តែងលេចឭពាក្យចចាមអារ៉ាមជាច្រើននឹកស្មានមិនដល់ដែលកន្លងមកសារព័ត៌មានបានចុះផ្សាយថា DJ KOO រៀបការជាមួយ Barbie មិនមែនដោយសារស្នេហាឡើយ ប៉ុន្តែដោយសារទ្រព្យសម្បត្តិ រហូតផ្ទុះឡើងថា DJ KOO បានលួចទ្រព្យសម្បត្តិ ២២០លានយ័នរបស់ Barbie រត់ទៅប្រទេសកូរ៉េវិញទៀតផង។

រហូតថ្ងៃទី៩ ខែសីហា កម្មវិធី Radio Star បានផ្សាយបទសម្ភាសន៍ជាមួយ DJ KOO ដោយតារាប្រុសរូបនេះចេញមុខបកស្រាយបញ្ចប់ពាក្យចចាមអារ៉ាមដោយលោកបានបញ្ជាក់ថា រឿងទាំងប៉ុន្មានសុទ្ធសឹងជារឿងមិនពិតសោះឡើយ។ មិនត្រឹមតែចេញមុខបដិសេធប៉ុណ្ណោះទេតែ DJ KOO ថែមទាំងបានរៀបរាប់ភាពផ្អែមល្ហែម និងការមើលថែដល់ Barbie បានយ៉ាងល្អទៀតផង។ លោកបានឱ្យដឹងថា លោកតែងចម្អិនម្ហូបឱ្យភរិយារបស់លោកញ៉ាំ ហើយបើទោះជានាងឃ្លានកណ្តាលអាធាត្រក៏លោកមិនរួញរានឹងក្រោកទៅចម្អិនមីឱ្យនាងញ៉ាំដែរ។

គួរបញ្ជាក់ដែរថា Barbie Hsu និង DJ KOO ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល ១ឆ្នាំ ប៉ុន្តែដោយសារបញ្ហាមួយចំនួនធ្វើឱ្យអ្នកទាំង ២បានចែកផ្លូវគ្នាកាលពីឆ្នាំ ១៩៩៨ ម្តងរួចមកហើយ។ ជាង ២០ឆ្នាំកន្លងផុតទៅ អ្នកទាំង២ បានជួបគ្នាម្តងទៀត និងចាប់ដៃគ្នារៀបការបន្ទាប់ពី Barbie បានលែងលះជាមួយអតីតស្វាមីក្រោយរស់នៅលែងចុះសម្រុងគ្នា៕
