ភ្នំពេញ៖ ព័ត៌មានដែលកំពុងផ្ទុះការចាប់អារម្មណ៍រឿងរ៉ាវអតីតពិធីការនី វីជេអាណូ រងសម្ពាធផ្លូវចិត្តរហូតឈានដល់ការធ្វើអត្តឃាតច្រើនលើកច្រើនសារតែមិនបានសម្រេចកំពុងធ្វើឱ្យមហាជនយល់ថាកើតឡើងដោយសារនាងចាញ់ល្បិចបុរសម្នាក់ស្មានគេស្រលាញ់នាងពិតរហូតធ្វើឱ្យបញ្ហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់។
ការសង្ស័យនេះនៅពេលកម្មវិធីមួយដែលបានបើកឱ្យអ្នកដែលមានវិបត្តិក្នុងចិត្តសរសេរសំបុត្រផ្ញើចូលកម្មវិធី និងមានពិធីករជាអ្នកអានសំណេររបស់ប្រិយមិត្តដែលបានផ្ញើទៅផងដែរ។ សំណេរមួយដែលធ្វើឱ្យមហាជនកំពុងសង្ស័យថាជាសំណេររបស់អតីតពិធីការនី វីជេអាណូ ជាអ្នកសរសេរផ្ញើទៅកម្មវិធីនោះបានរៀបរាប់ថា៖
“ខ្ញុំជាអតីតសិល្បការនីម្នាក់ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមដែលមានអ្នកស្រលាញ់ គាំទ្រច្រើនប៉ុន្តែដោយសារជ្រើសរើសដើរផ្លូវខុស ព្រោះកាលពីក្មេងមិនមានជីវភាពធូរធាទើបមិនដឹងថាធ្វើយ៉ាងណាដើម្បីឱ្យក្លាយជាមនុស្សជោគជ័យ ពោលគឺសម្លឹងឃើញតែអ្នកមានទ្រព្យព្រោះគិតថាវាជារឿងងាយបំផុត។ ក្រោយមកខ្ញុំបានស្គាល់បុរសម្នាក់ជាកូនអ្នកមានទ្រព្យនៅក្នុងកម្មវិធីមួយរហូតមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយដំបូងៗបុរសនោះពិតជាស្រលាញ់នាងខ្លាំងបាត់មុខមិនបាន និងមើលថែនាងបានយ៉ាងល្អធ្វើឱ្យនាងយល់ថាខ្លួនឯងសំណាងខ្លាំង”។
ក្នុងសំណេរនោះបានបន្ថែមថា “បុរសរូបនោះទាំងក្មេង ទាំងសង្ហា សំខាន់គឺនៅលីវ ព្រោះប្រសិនបុរសនោះមានប្រពន្ធហើយគឺដាច់ខាតនាងមិនពាក់ព័ន្ធដែរ។ បុរសរូបនោះបាននាំនាងចូលរួមក្នុងកម្មវិធីនានាដោយដើរប្រាប់គេឯងថានាងគឺជាប្រពន្ធពេញៗមាត់ ប៉ុន្តែចៃដន្យមានថ្ងៃមួយមិត្តភក្តិរបស់គេស្រវឹង និងបាននិយាយថា ចាំមើលបានប៉ុន្មានខែ? យ៉ាងច្រើន ២ខែប៉ុណ្ណោះ។ គ្រាន់តែឮដូច្នេះភ្លាម ជម្លោះបានកើតឡើងរហូតផ្ទុះហិង្សាដោយបុរសរូបនោះបានទះខាងស្រីមួយកំផ្លៀងកណ្តាលចំណោមមនុស្សជាច្រើន”។
ក្រោយមកបុរសរូបនោះបានសុំទោសដោយលើកហេតុផលថាខ្លួនស្រវឹងទើបជ្រុលដៃវាយនាងបែបនេះ។ ទោះជាយ៉ាងណា ភាពសោះកក្រោះបានកើតឡើងបន្តិចម្តងៗ ទើបធ្វើឱ្យនារីរូបនោះយល់ថា មានតែមានផ្ទៃពោះប៉ុណ្ណោះទើបអាចចងចិត្តគេបាន ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ ព្រោះចាប់តាំងពីពេលនោះមកបុរសរូបនោះលែងទៅជួបនាងទៀតដោយដើរទាក់ទងនារីផ្សេងប្តូរដូចខោអាវ។
នៅពេលដែលម្តាយរបស់បុរសនោះដឹងរឿងគាត់មានចិត្តសន្តោសឱ្យនាងទៅរស់នៅជុំគ្រួសារ ប៉ុន្តែការរស់នៅប្រៀបដូចអ្នកបម្រើក្នុងផ្ទះ ហាមមិនឱ្យបើកចំហរពីទំនាក់ទំនងរវាងនាង និងកូនប្រុសគេឡើយ។ មិនបានប៉ុន្មានខែ បុរសរូបនោះក៏បានរៀបការប្រពន្ធ ទើបម្តាយរបស់គេបានប្រគល់ប្រាក់ ៨ម៉ឺនដុល្លារដល់នាងព្រមទាំងឱ្យយកកូនទៅឱ្យផុតដើម្បីផ្តាច់ទំនាក់ទំនង។ នៅពេលឆ្អែតចិត្ត និងអស់ជម្រើសផងនោះធ្វើឱ្យនារីនោះបានត្រឹមទទួលប្រាក់មកបើកលក់ម្ហូបដើម្បីបានប្រាក់ចិញ្ចឹមកូន ប៉ុន្តែបែរត្រូវខាតដើមខាតចុងអស់”។
សំណេរមួយនេះកំពុងធ្វើឱ្យមហាជនផ្ទុះការវែកញែកថា សាច់រឿងពិតជាដូចទៅនឹងសាច់រឿងរបស់អតីតពិធីការនី វីជេអាណូ ជាខ្លាំង។ ងាកទៅមើលពីស្ថានភាពរបស់នាងវិញបើទោះជាពេលនេះបានរួចផុតគ្រោះថ្នាក់ហើយក៏ពិតមែន ប៉ុន្តែនាងកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយដោយសារមុខរបួសជ្រៅធ្វើឱ្យប៉ះពាល់ដល់គ្រឿងក្នុងធ្ងន់ធ្ងរ៕