×

ទឹកមុខរីករាយរកថាមិនត្រូវរបស់បងប្រុសពិការជាអ្នកលក់ម្នាក់ក្រោយត្រូវបានអ្នកលេងបណ្តាញសង្គមតិកតុកល្បី Brosopheng ជួយទិញទាំងអស់

ភ្នំពេញ៖ វីដេអូរបស់អ្នកនិយមលេងបណ្តាញសង្គមតិកតុកល្បីឈ្មោះ Brosopheng បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍លើសកម្មភាពសប្បុរសរបស់លោកដែលបានជួយម៉ៅនំមួយរទេះរបស់បងប្រុសពិការម្នាក់ជិះម៉ូតូលក់ចល័តតាមផ្លូវ ជាហេតុធ្វើឱ្យគ្រប់គ្នាកោតសរសើរចំពោះលោកជាខ្លាំង។

បងប្រុសពិការបានតស៊ូជិះលក់នំដើម្បីបានប្រាក់ចិញ្ចឹមជីវភាពដោយតាមរយៈការសួរនាំជីវប្រវត្តិខ្លះៗទើបបានដឹងថា គាត់ជាកូនកំព្រារស់នៅក្នុងវត្ត និងពិការរយៈពេល ២៦ឆ្នាំមកហើយដោយសារកាលអាយុ ១០ឆ្នាំត្រូវពេទ្យចាក់ថ្នាំឱ្យ មិនដឹងប៉ះសរសៃអ្វីទើបបណ្តាលឱ្យខ្លួនពិការមកទល់ពេលនេះ។

តាមរយៈនំជាច្រើនប្រភេទដែលបានព្យួរពេញរទេះត្រូវបានបងប្រុសប្រាប់ថា ប្រសិនលក់ត្រឹមមួយថ្ងៃមិនឃើញប្រាក់ចំណេញទេ ហើយជាទូទៅទាល់តែ ៣ថ្ងៃទើបលក់អស់ និងឃើញប្រាក់ចំណេញប្រមាណ ២០ម៉ឺនរៀលសម្រាប់ដោះស្រាយជីវភាព។ ជាមួយគ្នានេះដែរ សម្រាប់នំដែលបងប្រុសចិត្តល្អ Brosopheng ជួយទិញឡើងទាំងអស់នោះត្រូវបានលោកយកទៅចែកដល់អ្នកដែលត្រូវការតាមផ្លូវផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង