
ភ្នំពេញ៖ ទម្រាំអាចឆ្លងកាត់ពីមួយវគ្គទៅមួយវគ្គ និងក្លាយជាម្ចាស់មកុដ Miss Grand Cambodia និងតំណាងឱ្យប្រទេសទៅប្រកួតបន្តលើឆាកអន្តរជាតិនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានតស៊ូជម្នះរហូតដណ្តើមបានតំណែងបវរកញ្ញាលំដាប់រងទី៥ លើឆាកប្រកួត Miss Grand International ២០២២ នៅឯប្រទេសថៃកាលពីឆ្នាំ ២០២២ កន្លងទៅ។

ធ្មេចបើកៗ ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស ហើយក៏កាន់តែកៀកដល់ថ្ងៃដែលបវរកញ្ញារូបនេះផ្ទេរតំណែងដល់អ្នកជំនាន់ក្រោយ Miss Grand Cambodia ២០២៣ ដែលវគ្គផ្តាច់ព្រ័ត្រនៅធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ។


ជាមួយគ្នានេះដែរ ក្រុមអ្នកគាំទ្របានសហការគ្នារៀបចំកាដូដ៏មានន័យមួយសម្រាប់ថ្ងៃផ្ទេរតំណែងនេះដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយពួកគេបានជួល LED នៅមុខផ្សារទំនើបអូឡាំព្យារយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃទី១៦-២២ ខែសីហា ដើម្បីចាក់ផ្សាយវីដេអូសកម្មភាពមួយចំនួនរបស់បវរកញ្ញាក្នុងដួងចិត្តពួកគេ។



ការចាក់ផ្សាយនេះមានចំនួន ៣០ដងក្នុងមួយថ្ងៃ និងរយៈពេល ៣០វិនាទីម្តងចាប់ពីម៉ោង ៧ព្រឹករហូតដល់ ៧យប់តទៅ។ គួរបញ្ជាក់ដែរថា កន្លងមកក្រុមអ្នកគាំទ្របវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងធ្វើឱ្យនាងរំភើបចិត្តជាមួយសកម្មភាពជាច្រើនកន្លងមក ហើយលើកនេះក៏មិនខុសពីលើកមុនៗដែរដោយបវរកញ្ញារូបនេះបានបង្ហាញអារម្មណ៍របស់ខ្លួនថា “មិនដែលធ្វើឱ្យយើងមិនអួលដើមកម្តងណាទេ
អរគុណខ្លាំងណាស់សម្រាប់ក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា ស្រលាញ់អ្នកទាំងអស់គ្នាពីបេះដូងឆីៗ”៕

