×

បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ពេលនេះព្រឹទ្ធាចារ្យ សាន គឹមស៊ាន បានធូរស្រាលពីជំងឺបន្តិចហើយ

ភ្នំពេញ៖ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីមានអាការមិនស្រួលខ្លួនក្អួត ល្ហិតល្ហៃអស់កម្លាំង។

ក្រោយទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមក លទ្ធផលបានបញ្ជាក់ថា ព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានបញ្ហាក្រពេញប្រូស្តាត ទោះជាយ៉ាងណាមកទល់ពេលនេះលោកបានធូរស្រាលបន្តិចហើយ។

 

ជាការបង្ហាញការយកចិត្តទុកដាក់ដល់សិល្បករជើងចាស់រូបនេះ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក និងលោក សាន ផល្លា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ និងជូននូវថវិកាមួយចំនួនដល់ព្រឹទ្ធាចារ្យ គុនល្បុក្កតោ សាន គឹមស៊ាន ផងដែរ។

ជាមួយគ្នានេះផងដែរ ទាំងសិស្សគុនល្បុកតោដែលធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីព្រឹទ្ធាចារ្យ សាន គឹមស៊ាន ក៏ដូចជាមហាជនជាច្រើនបានជូនពរដល់លោកឱ្យឆាប់ជាសះស្បើយ និងមានសុខភាពដើម្បីបានបង្ហាត់បង្រៀនសិស្សបន្ត ដ្បិតលោកគឺជាចំណែកដ៏ធំមួយដែលបានជួយលើកស្ទួយវិស័យគុនល្បុក្កតោឱ្យនៅតែមានភាពរស់រវើកដែលជាកេរតំណែលពីដូនតាមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង