ភ្នំពេញ៖ កន្លងមក អ្នករកស៊ីអនឡាញជាច្រើននាក់មកហើយធ្លាប់ទទួលបានបទពិសោធនៃការក្លែងបន្លំទិន្នន័យវេរលុយចូលគណនីធនាគារបែបឌីជីថលពីអតិថិជនខិលខូចរហូតត្រូវខាតបង់ប្រាក់ទៅដោយងាយ។
ការក្លែងបន្លំក្រោមរូបភាពដែលជនខិលខូចប្រើកម្មវិធីកែទឹកប្រាក់ឱ្យដូចទៅនឹងតួលេខដែលខ្លួនបានចំណាយពិតជាទទួលបានប្រសិទ្ធភាពយកឥវ៉ាន់មកយ៉ាងងាយប្រសិនបើអ្នកទទួលប្រាក់មិនបានពិនិត្យឱ្យបានល្អិតល្អន់ទេនោះ។ ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Yana Rosy បានចែករំលែកបទពិសោធរបស់ខ្លួនទៅដល់អ្នករកស៊ីតាមអនឡាញថា៖
“មានរឿងមួយប្រាប់បងប្អូនឱ្យប្រយ័ត្ន ថ្ងៃនេះមានជនបោកប្រាស់បញ្ជាទិញឥវ៉ាន់ខ្ញុំអស់ ១០០០ដុល្លារ ហើយពេលអ្នកដឹកទៅដល់វាទារយកឥវ៉ាន់មុនចាំបាញ់លុយតាមក្រោយ តែខ្ញុំមានអារម្មណ៍ថាដូចអត់សូវស្រួលក៏ផ្តាំអ្នកដឹកថា ខ្ញុំចាំមើលលុយចូលសិនទើបឱ្យឥវ៉ាន់ទៅគេ មានអីមួយសន្ទុះក្រោយមកវាបានបង្ហាញរូបទិន្នន័យបែបនេះ អ្នកទាំងអស់គ្នាជួយមើលថាមានខុសអីខ្លះអត់? សំខាន់ខ្ញុំបើកមើលគណនីធនាគារគឺអត់ឃើញលុយបាញ់ចូល ១០០០ដុល្លារទេ ម្នាក់ស្រីនេះគឺបោកយកឥវ៉ាន់ហើយអត់ឱ្យលុយយើងទេ។ FB account វាដើរបោកគេច្រើនណាស់បងប្អូនចំណាំទៅ”។
គួរបញ្ជាក់ថា បន្ទាប់ពីបានចែករំលែកបែបនេះហើយ ទើបដឹងថាគណនីខាងលើធ្លាប់ដើរបោកប្រាស់គេច្រើននាក់មកហើយ ដោយបញ្ជាទិញឥវ៉ាន់តាមអនឡាញអស់ទឹកប្រាក់មួយចំនួន និងបានកែទិន្នន័យទឹកប្រាក់ដែលបានវេរតាមធនាគារដើម្បីយកទំនិញពីអ្នកដឹកជញ្ជូនបានយ៉ាងងាយ។ ក្នុងការចែករំលែកនោះឃើញមានជនរងគ្រោះចូលរួមប្រាប់ពីបទពិសោធរបស់ខ្លួនដែលធ្លាប់ចាញ់បោកគណនីមួយនោះផងដែរ៕