ភ្នំពេញ៖ ការចាប់សម្លាប់ខ្លួនរបស់អតីតពីធីការនី វីជេអាណូ បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមរហូត និងបានក្លាយជាប្រធានបទដែលគ្រប់គ្នាកំពុងជជែក ចង់ដឹងដើមហេតុដែលធ្វើឱ្យអតីតតារាស្រីរូបនេះដល់ថ្នាក់គិតខ្លីបែបនេះ។
យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ឡើយដែល វីជេអាណូ ប៉ុនប៉ងសម្លាប់ខ្លួនបែបនេះប៉ុន្តែមិនបានសម្រេចឡើយ។ ចំពោះព័ត៌មានខ្លះៗដែលបានដឹងតាមរយៈវីដេអូរបស់តារាបណ្តាញសង្គមម្នាក់ឈ្មោះ កា បានឱ្យដឹងថា សម្ពាធខ្លាំងបំផុតដែលធ្វើឱ្យនាងដល់ថ្នាក់គិតខ្លីបែបនេះដោយសារពាក្យសំដីមើលងាយពីមនុស្សជុំវិញខ្លួននៅពេលដែលនាងគ្រាន់តែរកការងារធ្វើដើម្បីបានប្រាក់មើលជំងឺកូនស្រីរបស់នាង។
ទោះជាមិនទាន់បានបញ្ជាក់ថា កូនស្រីរបស់អតីតតារាស្រីរូបនេះមានបញ្ហាអ្វីឱ្យប្រាកដ ប៉ុន្តែតាមរយៈពាក្យលួងលោមដែលជំទាវ ចនច័ន្ទ លក្ខណា និយាយទៅកាន់ វីជេអាណូ បានឱ្យដឹងថាកូនស្រីរបស់នាងមានជំងឺធ្ងន់ធ្ងរជាងនាងទៅទៀត។
គួរបញ្ជាក់ដែរថា ឆ្លងផុតរឿងរ៉ាវអាក្រក់ទាំងប៉ុន្មាននេះ និងអាចរួចជីវិតមកសាជាថ្មីផងនោះ វីជេអាណូ មានអារម្មណ៍ស្រស់ស្រាយជាងមុនឆ្ងាយ និងបានសន្យាថានឹងមិនគិតខ្លីទៀតឡើយ ក្រោយជាពីរបួសនាងនឹងពង្រឹងកម្លាំងចិត្តខ្លួនឯង និងប្រឹងតស៊ូដើម្បីកូនៗនាងផងដែរ៕