×

ខំប្រឹងផុសដៀមដាមឱ្យ ពេជ្រវត្តី សារ៉ាវឌ្ឍី ថាបានល្បីបំបិទម្តាយចោល មានអីបុរសម្នាក់ត្រូវគេរិះគន់ទ្រួកសាច់

ភ្នំពេញ៖ ពាក្យមួយម៉ាត់ដែលបវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី បាននិយាយនៅថ្ងៃផ្ទេរម្កុដ Miss Grand Cambodia 2023 កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកក្រោយនាងបានរៀបរាប់អរគុណទៅកាន់ឪពុករបស់នាងដែលបានរើសនាងពីអង្គការមកចិញ្ចឹម និងមើលថែទាំបានយ៉ាងល្អ។ បើទោះជាពេលនោះលោកខំប្រឹងរត់ម៉ូតូឌុបផង និងដៃម្ខាងពរកូនស្រីម្នាក់នេះជាប់តស៊ូចិញ្ចឹមរហូតមកទល់ពេលនេះនាងអាចមានអនាគតដ៏ត្រចះត្រចង់។

ក្រោយទទួលបានភាពជោគជ័យក្នុងវិស័យបវរកញ្ញាហើយ ភ្លាមៗស្រាប់តែមានបុរសម្នាក់អះអាងថា ពេជ្រវត្តី សារ៉ាចឌ្ឍី ដែលជាប្អូនស្រីម្តាយតែមួយ ឪពុកទីទៃនោះបានផុសនៅលើគណនីហ្វេសបុករបស់ខ្លួនមានឈ្មោះ Ath Sokreth អមជាវីដេអូដែល ពេជ្រវត្តី សារ៉ាវឌ្ឍី ធ្លាប់ Live និយាយលេងជាមួយអ្នកគាំទ្ររំឭកកាលនាងនៅក្មេងថា ធ្លាប់មានគេជេរម្តាយហើយដោយសារកាលណោះនៅក្មេងពេក នាងក៏តបទៅវិញថា “ជេរអីជេរទៅ នាងអត់មានម៉ែផង អត់ឈឺ”។

បុរសរូបនោះបានសរសេររៀបរាប់បែបនេះថា “បងសរសើរប្អូន អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល ម្ដាយអត់ចង់បានអីក្រៅពី សេចក្តីស្រឡាញ់ពីកូននោះទេ សូមបកស្រាយឡើងវិញឱ្យម្ដាយស្លាប់ទៅបិទភ្នែកចិត្តផង.? សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះបន្ទាន់ ម្តាយដែលជាម្តាយបង្កើត មកDNA ឥឡូវក៏បានដែរ..ប្អូនស្រីពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ..”។

បន្ទាប់ពីឃើញបុរសរូបនេះផុសបែបនេះភ្លាម មហាជនជាច្រើនបានផ្ទុះការរិះគន់ទៅលើបុរសរូបនេះជាខ្លាំងថា នៅពេលប្អូនមិនទាន់ល្បីមិនផុសទេ គ្រាន់តែគ្នាចាប់ផ្តើមល្បីភ្លាម តាំងមកផុសតោងល្បី។ ជាមួយនឹងការវែកញែកជាច្រើនឃើញមានការគាំទ្របវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី យ៉ាងច្រើនព្រោះជាក់ស្តែងនាងក៏ធ្លាប់និយាយតាំងពីដំបូងផងដែរថា ឪពុកម្តាយរបស់នាងបានចែកផ្លូវគ្នាតាំងពីនាងតូច ដូចនេះនាងមិនដែលទទួលបានភាពកក់ក្តៅក្នុងគ្រួសារឡើយ។

ទោះជាយ៉ាងណា បើទោះជាមិនដែលទទួលបានការមើលថែពីម្តាយក៏ពិតមែន ប៉ុន្តែបវរកញ្ញារូបនេះនៅតែថ្លែងអំណរគុណដល់ម្តាយរបស់នាងនារាត្រីថ្ងៃផ្ទេរម្កុដលើឆាកដ៏ធំផងដែរ ប៉ុន្តែដោយសារមិនធ្លាប់ទទួលបានការមើលថែពីម្តាយទើបមិនមានអនុស្សាវរីយ៍អ្វីដែលអាចឱ្យនាងលើកយកមករៀបរាប់បាន ទើបនាងបានថ្លែងពាក្យដឹងគុណដោយផ្តោតទៅលើចំពោះឪពុករបស់នាងច្រើនជាង។

គួរបញ្ជាក់ដែរថា ស្របពេលដែលមហាជនជាច្រើននាំគ្នារិះគន់បុរសរូបនោះថាចង់តោងប្អូនល្បីហើយ ក៏មានមតិមួយចំនួនបានលើកឡើងថា ការចែកផ្លូវគ្នារវាងឪពុកម្តាយបវរកញ្ញារូបនេះដោយសារកាលណោះឪពុកនាងតែងប្រើហឹង្សាលើម្តាយនាង មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងគំរាមម្តាយ និងសាច់ញាតិខាងម្តាយនាងគ្រប់រូបភាពថែមទាំងពង្រាត់នាងរត់ទៅបាត់ ប៉ុន្តែដោយសារក្រោយមកឪពុករបស់នាងមានប្រពន្ធកូនថ្មីទើបយកនាងទៅនៅមណ្ឌលកុមារកំព្រាព្រោះមិនចង់ឱ្យនាងទៅនៅជាមួយម្តាយប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង