×

ឌី សូនិត្តា បង្ហាញអារម្មណ៍ពិតបន្ទាប់ពីឃើញវីដេអូ ដេត ម៉ាលីណា អះអាងថា ឌួង ឆាយ បំបែកនាងមិនឱ្យជួបកូនជាង ២ខែ

ភ្នំពេញ៖ គិតមកទល់ពេលនេះ ដេត ម៉ាលីណា និង ឌួង ឆាយ បានលែងលះគ្នាជិត ៣ឆ្នាំហើយដែលគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅដោយសន្តិភាព ប៉ុន្តែស្ងាត់ៗបែរ ដេត ម៉ាលីណា ទម្លាយអារម្មណ៍ឈឺចាប់របស់ខ្លួននៅលើគណនីហ្វេសបុកដោយអះអាងថា នាងខានជួបកូនជាង ២ខែហើយដោយសារអតីតប្តីបំបែកម្តាយកូនបំពានច្បាប់ និងហាមសូម្បីទាក់ទងតាមទូរស័ព្ទ។

ដេត ម៉ាលីណា បានបង្ហាញវីដេអូដែលនាងកំពុងនិយាយជាមួយកូនប្រុសស្រីរបស់នាងដោយក្នុងនោះឃើញកូនប្រុសកណ្តាលប្រាប់ថាលួចខលទៅដោយសារប៉ាមិនអនុញ្ញាតិឱ្យទាក់ទងទៅនាងឡើយ រីឯកូនស្រីដែលមានអាយុ ៣ឆ្នាំវិញបានស្រែកទ្រហោយំនឹករឭកម្តាយជាហេតុធ្វើឱ្យអ្នកនិយមលេងហ្វេសបុកនាំគ្នារំជួលចិត្តជាខ្លាំង ក្នុងនោះក៏មានតារាសម្តែង ឌី សូនិត្តា ម្នាក់ផងដែរបានរំជួលចិត្តតាម។

ដោយសារណែនទ្រូងឃើញ ដេត ម៉ាលីណា បែកកូនរហូតដល់ជាង ២ខែបែបនេះ ធ្វើឱ្យតារាស្រី ឌី សូនិត្តា បញ្ចេញមតិរបស់នាងនៅក្នុងវីដេអូរបស់ ដេត ម៉ាលីណា បែបនេះថា “មើលវីដេអូបងហើយ ខ្ញុំក៏បានក្រឡេកមកមើលខ្លួនឯងថាខ្ញុំសម្រេចចិត្តត្រូវហើយ មានតែកូនមិនចាំបាច់មានប្តី គ្មានអ្នកណាមកដណ្តើមកូនពីទ្រូងយើងទៅ។ លះបង់គ្រប់យ៉ាងទាំងជីវិតដើម្បីកូនបានឃើញពន្លឺថ្ងៃ ហើយចុងក្រោយមកត្រូវបាត់កូនទៀតគ្មានស្រីណាទ្រាំបានទេ។ ខ្ញុំមើលវីដេអូនេះហើយ ឈឺក្នុងទ្រូងទឹកភ្នែកក៏ស្រក់ កូននៅម៉ាក់យាយតែមួយយប់ ខ្ញុំបន់ឱ្យតែដល់ភ្លឺចុះទម្រាំដល់ជាង២ខែបងអើយ។ ខ្ញុំមិនដឹងរឿងបងច្បាស់ទេ ដឹងត្រឹមអូសវីដេអូនេះមកយល់ពីអារម្មណ៍ជាម្តាយ វាប៉ះពាល់ទាំងអារម្មណ៍កូនទៀត សង្ឃឹមថាបងអាចជួបពួកគាត់ឆាប់ៗ”។

គួរបញ្ជាក់ដែរថា វិវាទដែលមិនទាន់ដាច់ស្រលះរវាង ដេត ម៉ាលីណា និង ឌួង ឆាយ កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមក្រលេកទៅចាប់អារម្មណ៍សាជាថ្មី ដោយក្នុងនោះស្ត្រីជាម្តាយជាច្រើននាក់បាននាំគ្នាចូលរួមផ្តល់មតិបង្ហាញអារម្មណ៍ឈឺចាប់ដែលឃើញម្តាយកូនត្រូវរស់ឆ្ងាយគ្នាយូរបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង