

ភ្នំពេញ៖ បញ្ហាកកស្ទះចរាចរណ៍រាល់ពេលសិស្សចេញពីរៀនម្តងៗ កំពុងក្លាយជាបញ្ហាចោទមួយដែលធ្វើឱ្យមហាជនជាច្រើនតឹងទ្រូងជាខ្លាំង។ ងាកទៅមើលការបញ្ចេញមតិរបស់ ប្រូសុផេង ដែលជាបុគ្គលទទួលបានប្រជាប្រិយភាពនៅលើបណ្តាញសង្គមបានចេញវីដេអូមួយនិយាយពាក់ព័ន្ធនឹងការកកស្ទះនៅតាមសាលាឯកជនមួយចំនួនដែលអាណាព្យាបាលជិះរថយន្តទំនើបចតគ្មានសណ្តាប់ធ្នាប់ និងអាចក្លាយជាគំរូបអាក្រក់ដល់កូននាពេលអនាគតទៅលើការចតគ្មានសណ្តាប់ធ្នាប់បែបនេះ។

ការលើកឡើងទាំងនេះធ្វើឱ្យមហាជនជាច្រើនបាននាំគ្នាគាំទ្រ ថែមទាំងអរគុណដល់ ប្រូសុផេង ដែលបានជួយនិយាយពាក្យក្នុងចិត្តពួកគេទៀតផង។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនបានលើកឡើងបែបនេះថា នេះមិនមែនជាកំហុសឪពុកម្តាយឡើយ ប៉ុន្តែជាកំហុសខាងសាលាដែលគ្មានចំណត និងមិនបានរៀបចំសណ្តាប់ធ្នាប់ត្រឹមត្រូវ។

ក្រលេកទៅមើលអ្នកដែលបានចូលរួមបញ្ចេញមតិនោះ ក៏មានតារាចម្រៀង វ៉ាន់ នីឡា ម្នាក់ផងដែរបានលើកឡើងថា៖ “មិនមែនកំហុសឪពុកម្តាយទេ បើសាលាមានកន្លែងចំណតសម្រាប់ម៉ែឪចតចាំកូនគេ គេទៅចតហើយ ហើយមួយទៀតស្រុកខ្មែរយើងអា public transportation នឹងគេអត់និយមប្រើទេ ហើយកូនគេមានដល់អង្គរក្សបើកឡានហើយនៅចង់ឱ្យកូនគេជិះឡានក្រុងទៀត? បើសាលាអត់មានទីធ្លាឱ្យគេចូលចតដល់ក្នុងឱ្យគេទៅចតនៅណា? យល់ថាចំណុចនេះក៏មិនត្រូវប៉ុន្មាន ដែលមកចតលើផ្លវសាធារណៈធ្វើឱ្យស្ទះគេ តែគួរយោគយល់ខ្លះផង គេទៅយកក្មេងមិនមែនទៅញ៉ែគ្នាធ្វើឱ្យស្ទះផ្លូវនោះទេ”។


គួរបញ្ជាក់ដែរថា បញ្ហាមួយនេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាជជែកវែកញែកទៅតាមហេតុផលរៀងខ្លួនផងដែរ៕