ថៃ៖ ទើបតែទទួលស្គាល់ថាបានចែកផ្លូវជាមួយនឹង Songkran មិនបានប៉ុន្មានផង ពេលនេះ Matt Peranee ហាក់កំពុងបង្ហាញតម្រុយថា ពេលនេះនាងរកបានអ្នកស្អំបេះដូងហើយ ដោយនារសៀលថ្ងៃទី ២៥ ខែសីហា នេះ Matt បានផុសរូបនៅក្នុងអាងទឹកដោយមានដៃមនុស្សម្នាក់មកប៉ះថ្ពាល់នាងថ្នមៗ ធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះនាំគ្នាចូល Comment ភ្លូកទឹកភ្លូកដីចង់ឃើញម្ចាស់ដៃនោះមានមុខមាត់បែបណា។
ទោះជាយ៉ាងណា តារាស្រីរូបនេះមិនទាន់បញ្ជាក់ឡើយថា ពេលនេះនាងរកបានអ្នកស្អំបេះដូងហើយឬយ៉ាងណានោះទេ។ រំឭកទៅអំលុងពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយនឹង Songkran ពេលនោះជាពេលវេលាដែលធ្វើឱ្យកេរ្តិ៍ឈ្មោះតារាស្រីរូបនេះធ្លាក់ដល់ចំណុចសូន្យលើវិថីសិល្បៈ ព្រោះគ្រប់គ្នាជឿថា នាងគឺជាជនទី៣ បំបែកគ្រួសារតារាស្រី Aff Taksaorn។
ការងារក្នុងសិល្បៈត្រូវបានផ្អាកទាំងស្រុងដោយលែងមានផលិតកម្មណាជួលនាងឱ្យថតភាពយន្តទៀត ដ្បិតក្លាចឡុងចុងដោយសារកេរ្តិ៍ឈ្មោះអសោចរបស់នាង។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់ទំនាក់ទំនងជាមួយ Songkran ភ្លាម Matt បានប្រកាសក្តែងៗថានឹងវិលចូលប្រលូកក្នុងសិល្បៈឡើងវិញ និងខំប្រឹងផ្តោតលើការងារជាចំបង៕