សឹង្ហបុរី៖ វីដេអូមួយដែលគ្រូបង្រៀនថ្នាក់មតេ្តយ្យវ័យ ៣៣ឆ្នាំចាប់បញ្ច្រកទឹកសិស្សតូចៗរបស់ខ្លួនត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេសបុកទីបំផុតត្រូវបានប៉ូលិសធ្វើអន្តរាគមន៍ភ្លាមៗ ដោយត្រឹមរយៈពេល ៦ម៉ោងក្រោយទទួលបានការររាយការណ៍ភ្លាម ស្ត្រីដែលជាអតីតគ្រូបង្រៀនរូបនោះត្រូវបានឃាត់ខ្លួនជាស្ថាពរ។
ក្នុងវីដេអូដែលបង្ហាញឱ្យឃើញសកម្មភាពអតីតគ្រូបង្រៀនរូបនោះយកដៃម្ខាងរបស់ខ្លួនទៅទប់មុខសិស្សរបស់ខ្លួនដើម្បីកុំឱ្យនាងរើបម្រះ និងដៃម្ខាងទៀតកាន់កែវបញ្ច្រកទឹកសិស្សរហូតដល់ឈ្លក់ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាខឹងសម្បារជាខ្លាំង។
តាមការឱ្យដឹងពីមន្ត្រីប៉ូលិសបានឱ្យដឹងថា ស្ត្រីជាអតីតគ្រូបង្រៀននោះនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃពុធ ស្អែកនេះ។
គួរបញ្ជាក់ដែរថា បទល្មើសមួយនេះប្រសិនការប្តឹងផ្តល់បានសម្រេច ស្ត្រីជាអតីតគ្រូបង្រៀនថ្នាក់មតេយ្យរូបនេះនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ ឬ ត្រូវផាកពិន័យប្រាក់ ៨ម៉ឺនសាំងហ្គាពួរ ឬ អាចជាប់ទាំងពន្ធនាគារ និងផាកពិន័យជាប្រាក់ទាំង ២តែម្តង៕