ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា និង ក្លិប Al Shahaniya បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងបង្អស់របស់ខ្លួន ជាមួយក្រុមដែលមានមូលដ្ឋាននៅប្រទេសកាតា ក្នុងក្របខណ្ឌលីគលំដាប់ទីពីរ ក្នុងជ័យជម្នះលើក្រុមគូប្រជែងក្នុងស្រុក សម្រាប់ការប្រកួតជុំទីមួយ ពានរង្វាន់ Qatar FA Cup ។
ចន្ធា ត្រូវបានប្ដូរចូលពីកៅអីបម្រុង ដើម្បីរកគ្រាប់បាល់មួយគ្រាប់នៅនាទីទី ៨៦ ដែលជាគ្រាប់ទី៧ របស់ក្រុម Al Shahaniya SC ទៅលើក្រុម Al Muaidar ។ រូបគេក៏ក្លាយជាកីឡាករអាស៊ីអាគ្នេយ៍ទីមួយ ដែលបានស៊ុតបញ្ចូលទីនៅក្នុងលីគបាល់ទាត់ប្រទេសកាតាផងដែរ បន្ទាប់ពីការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបឹងកេតពេញមួយរដូវកាល កាលពីខែកក្កដា។
សូមជម្រាបថា ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ ត្រូវបានកោះហៅដោយលោក Felix Dalmas គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ នៅថ្ងៃទី៧ និង ១១ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
ចន្ធា ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុករាយការណ៍ថានឹងមកចូលរួមជាមួយសមាជិកទាំង២៦របស់ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញានេះ។
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមហុងកុង នៅថ្ងៃទី៧ ខែកញ្ញា និងជួបជាមួយម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលការប្រកួតទាំង២ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រកួតមិត្តភាពទាំងនេះ គឺដើម្បីត្រៀមប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ជុំទីមួយ ដោយក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន ចំនួនពីរជើង ក្នុងនោះជើងទីមួយ នៅថ្ងៃទី១២ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈជើងទីពីរ ប្រកួតនៅថ្ងៃទី១៧ ខែតុលា នៅប្រទេសប៉ាគីស្ថាន៕