ភ្នំពេញ៖ ខណៈពេលដែលដំណឹង សុភ័ក្ត្រ ស៊ីនឌី អតីត Miss Earth Cambodia ២០២១ ត្រូវបានតែងតាំងឱ្យក្លាយជាបវរកញ្ញាតំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss Planet International ដែលកម្ពុជាជាម្ចាស់ផ្ទះផងនោះ សុភ័ក្ត្រ ស៊ីនឌី នឹងត្រូវប្រកួតជាមួយបេក្ខនារីដែលមកពីបណ្តាប្រទេសចំនួន ៥៥ទៀតនៅខែវិច្ឆិកាខាងមុខ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុកនឹកអាណិតតារាស្រីរូបនេះខ្លោចចិត្តនោះគឺ ម្តាយរបស់នាងបានទទួលមរណភាពចំថ្ងៃដែលនាងត្រូវគ្រងម្កុដថ្មីតំណាងឱ្យកម្ពុជាសម្រាប់ការប្រកួត Miss Planet Internatinal។
ការសរសេររៀបរាប់នៅលើគណនីហ្វេសបុករបស់នាងបានធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះរំជួលចិត្តជាខ្លាំងដោយនាងបានរៀបរាប់ថា៖
“មនុស្សស្រីដែលស្អាត ឆ្លាត ពូកែ និងរឹងមាំរបស់ខ្ញុំគឺ ម្នាក់នេះ ការពិតទៅ ថ្ងៃនេះគឺជាថ្ងៃដែលកូនគ្រងម្កុដថ្មីតំណាងឱ្យកម្ពុជា ហេតុអីម៉ាក់មិនចាំមើលសិន ក្រែងម៉ាក់តែងតែចូលចិត្តមើលកូនតែងខ្លួនស្អាតៗ ពាក់ឈុតស្អាតៗ ហើយ save រូបដាក់ក្នុងទូរស័ព្ទម៉ាក់ទុកមើល ម៉ាក់តែងតែញញឹមបិតមាត់មិនជិតទេ ពេលគេសរសើរថា ម៉ាក់ប៊ុនថា មានកូនស្រីស្អាតម្ល៉េះ។ កូនមានមោទកភាពណាស់ដែលកើតក្នុងមួយជាតិនេះមានសំណាងណាស់ដែលមានម៉ាក់ជាម៉ាក់របស់កូនៗ ល្អណាស់ មិនដែលឱ្យកូនស្គាល់ទុក្ខទេ ឥលូវនេះសូមអ្នកម្តាយទៅឱ្យស្ងប់សុខចុះ អ្នកម្តាយលែងឈឺចាប់អ្វីទាំងអស់ ប៉ា និងកូនៗ នៅទីនេះចងចាំម៉ាក់ជានិច្ច។”
គួរបញ្ជាក់ដែរថា ដោយសារមានជំងឺធ្ងន់រហូតត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់កម្រិតធ្ងន់ផងនោះ ទីបំផុតម្តាយរបស់តារាស្រីរូបនេះមិនអាចឆ្លងផុតដំណាក់កាលអាចទប់ទល់នឹងជំងឺបានទៀត ទើបកាលពីថ្ងៃអាទិត្យកន្លងទៅ ម្តាយរបស់នាងបានទទួលមរណភាពដែលបុណ្យសព ៧ថ្ងៃនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា នេះផងដែរ៕