ភ្នំពេញ៖ ឃើញផុសតែការងារ និងជីវិតសប្បាយៗនៅលើបណ្តាញសង្គមបែរស្ងាត់ៗ កក្កដា សោភ័ណ បានចេញវីដេអូមួយឱ្យមហាជនដឹងថា ខ្លួនបានចាញ់បោកស្ត្រីម្នាក់នៅខេត្តបាត់ដំបងដោយទិញរថយន្តតពីស្ត្រីរូបនោះ ប៉ុន្តែបែរចុងក្រោយត្រូវចាញ់បោកស្ត្រីនោះអស់ប្រាក់ ៨ម៉ឺនដុល្លារទៅវិញ ទោះជាយ៉ាងណា កក្កដា សោភ័ណ ក៏បានចាត់ការតាមផ្លូវច្បាប់ដោយពេលនេះស្ត្រីជាជនឆោកនោះបានជាប់ពន្ធនាគារផងដែរ។
តាមរយៈការរៀបរាប់នៅក្នុងវីដេអូនោះ កក្កដា សោភ័ណ បានបញ្ជាក់ថា ខ្លួនខំប្រឹងធ្វើការ ផ្សព្វផ្សាយផលិតផលដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពដែលត្រូវការការចំណាយខ្ពស់រាល់ថ្ងៃ ទោះជាយ៉ាងណាក៏ចំណូលប្រចាំខែអាចឱ្យខ្លួនទប់ទល់បាន និងអាចសន្សំដើម្បីទិញរបស់ដែលលខ្លួនចង់បានបំពេញសេចក្តីសុខឱ្យខ្លួនឯងបាន។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងកន្លងមកនេះ កក្កដា សោភ័ណ បានសន្សំប្រាក់ប្តូររថយន្តសេរីទំនើបកាលពីពេលថ្មីៗនេះ ប៉ុន្តែជារឿងដែលគួរឱ្យសោកស្តាយដែលកម្លាំងញើសឈាម ៨ម៉ឺនដុល្លារបែរជាត្រូវចាញ់បោកគេអស់ពីខ្លួន៕