×

គ្រាន់តែជាប់ Miss Preteen Cambodia ភ្លាម ល្អហួស ឆក់បានឱកាសការងារទាំងក្នុង និងក្រៅប្រទេសឥតស្រាកស្រាន្ត

ភ្នំពេញ៖ ល្អហួស គឺជាក្មេងស្រីម្នាក់ដែលទទួលបានការកោតសរសើរពីបណ្តាមហាជនថា ពិតជាល្អសក្តិសមនឹងឈ្មោះរបស់នាងពិតមែន។ មិនថារូបសម្បត្តិ អត្តចរិត និងចំណេះដឹងឡើយ ក្មេងស្រីដែលត្រូវបានគ្រប់គ្នាស្គាល់ថាជាកូនស្រីអតីតតារាស្រី ដេនីក្វាន់ នោះកំពុងទទួលការចាប់អារម្មណ៍ក្នុងទីផ្សារសិល្បៈជាបន្តបន្ទាប់ ក្រោយចាប់ប្រលូកលើវិថីសិល្បៈពេញលេញបន្ទាប់ពីគ្រងមកុដ Miss Preteen Cambodia 2023 មក។

ជាក់ស្តែង ក្រោយក្តោបបានតំណែងជា Miss Preteen ភ្លាម ល្អហួស ត្រូវបានបណ្តាផលិតផលជាច្រើនដណ្តើមគ្នាចង់បាននាងឱ្យសហការការងារជាមួយ ដោយក្មេងស្រីវ័យ ១៥ឆ្នាំរូបនេះក៏ទទួលការងារមិនបង្អង់ដៃឡើយ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈផុសនៅលើគណនីពូរបស់នាងបានឱ្យដឹងថា ល្អហួស ត្រូវបានអញ្ជើញឱ្យទៅច្រៀងនៅឯប្រទេសបារាំងឆាប់ៗនាពេលខាងមុខនេះទៀតផង។

សម្រស់ ល្អហួស មិនត្រឹមតែធ្វើឱ្យរញ្ជួយក្នុងការប្រកួតសម្រស់ Miss Preteen ប៉ុណ្ណោះទេ សូម្បីតែលោកស្រី អឹម សុគន្ធា អ្នកគ្រប់គ្រង Miss Grand Cambodia ក៏រង់ចាំយ៉ាងអន្ទះសានៅឆ្នាំដែល ល្អហួស គ្រប់អាយុនឹងអាចចូលប្រកួត Miss Grand ផងដែរ។

បន្ថែមពីនេះទៀតសោត សូម្បីតែ អ៊ីងហ្វា ដែលមានបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា និងបានជួបជាមួយនឹង ល្អហួស ផ្ទាល់ផងនោះក៏បានលាន់មាត់សរសើរពីសម្រស់នាងមិនដាច់ពីមាត់ឡើយថា អាយុទើប ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រស់វិញស្រស់ស្អាតខ្លាំងស្ទើរតែគ្មានពាក្យបរិយាយ ទម្រាំអាយុ ១៨ឆ្នាំទៀតមិនដឹងកាន់តែស្អាតប៉ុណ្ណាឡើយ។

គួរបញ្ជាក់ដែរថា ការប្រលូកចូលវិស័យបវរកញ្ញានេះ ល្អហួស បានដាក់គោលដៅតាំងពីតូចមកម្ល៉េះ និងបានហ្វឹកហាត់ការដើរ និងជំនាញឯទៀតដើម្បីដណ្តើមមកុដក្នុងវិស័យបវរកញ្ញានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង