×

ស្រីៗកំពុងពពោះប្រយ័ត្នមែនទែន រឿងកូនកើតមិនគ្រប់ខែ

ជាទូទៅ អ្នកម្ដាយត្រូវពពោះកូនក្នុងផ្ទៃយ៉ាងហោច ៣៨ សប្តាហ៍ទម្រាំដល់ថ្ងៃអូនតូចចេញមកក្រៅឃើញពន្លឺថ្ងៃ។ បើមានអាការឈឺពោះសម្រាលមុនថ្ងៃកំណត់ គេហៅថា កូនកើតមិនគ្រប់ខែ។ ក្នុងករណីនេះ ទាំងអ្នកម្ដាយ ទាំងទារក អាចប្រឈមគ្រោះថ្នាក់ក្នុងពេលសម្រាល ដែលអាចឈានដល់បាត់បង់ជីវិតផងក៏មាន។
ពិតជាគ្រោះថ្នាក់ណាស់សម្រាប់ម៉ាក់ៗ និងអាអូន ដូច្នេះ “Hello គ្រូពេទ្យ” នឹងបកស្រាយពីមូលហេតុ រោគសញ្ញា និងវិធីបង្ការកុំឱ្យកូនកើតអត់គ្រប់ខែ។

១- កត្តាបង្កឱ្យទារកកើតមុនខែ
– ជក់បារី
– មិនសូវខ្វល់ខ្ចាយទៅពិនិត្យផ្ទៃពោះ
– ផឹកគ្រឿងស្រវឹង ពេលមានផ្ទែពោះ
– បង្កកំណើតកូនក្នុងកែវ
– កូនភ្លោះ ឬច្រើន
– ក្រុមគ្រួសារមានប្រវត្តិកូនសម្រាលមុនខែ
– មានគភ៌ក្រោយសម្រាលកូនថ្មីៗ
– ឡើង ឬស្រកទម្ងន់ខ្លាំង មុនពេលមានផ្ទៃពោះ
– ការវិវត្តរបស់ទារកមិនពេញលេញ
– មានបញ្ហាសុខភាព ដូចជា លើសឈាម ទឹកនោមផ្អែម បម្រុងក្រឡាភ្លើង វិបត្តិកំណកឈាម ឬមានមេរោគឆ្លងផ្សេងៗ។

២- រោគសញ្ញាសម្រាលកូនមុនខែ
– ធ្លាក់ឈាមតាមទ្វារមាស
– ទឹករម្អិលហូរចេញពីទ្វារមាស
– កើនឡើងសម្ពាធនៅអាងត្រគាក ឬប្រដាប់ភេទ
– មានអាការដូចចង់គ្រុនក្ដៅ វិលមុខ ចង់ក្អួត ឬរាករូស
– ចុកណែនលើថ្ងាសក្រោមពោះ ចុកដូចពេលមានរដូវ ឆ្អល់ពោះ
– ស្បូនកន្ត្រាក់រៀងរាល់ ១០ នាទី/ម្ដង ឬញឹកញាប់ជាងនេះ
– ចុករោយចង្កេះ (អាការនេះអាចកើតមាន ហើយបាត់ទៅវិញ ទោះបីព្យាយាមប្តូររបៀបគេង ឬអង្គុយយ៉ាងណា ក៏មិនធូរស្បើយដែរ)។
បើមានអាការទាំងនេះ សូមប្រញាប់ទៅពេទ្យបន្ទាន់។
បើការសម្រាលកូនមុនខែ មិនអាចការពារបាន ទារកដែលនឹងកើតមុខខែ អាចមានបញ្ហាសុខភាព ដូចជា កើតមិនគ្រប់គីឡូ ពិបាកដកដង្ហើម អវៈយវៈមិនគ្រប់លក្ខណៈ និងមានបញ្ហាភ្នែក ជាដើម។

៣- វិធីបង្ការការសម្រាលកូនមុនខែ
– ពិនិត្យសុខភាពគភ៌ឱ្យបានទៀងទាត់ ដើម្បីតាមដានសុខភាពម៉ាក់ និងបេប៊ី
– ញ៉ាំអាហារសុខភាពឱ្យបានគ្រប់គ្រាន់ (វីតាមីន B កាល់ស្សូម ជាតិដែក និងសារធាតុបំប៉នផ្សេងៗ)
– ចៀសវាងសកម្មភាពគ្រោះថ្នាក់ ឈប់ជក់បារី ឬប្រើសារធាតុញៀនផ្សេងៗ
– រៀនយល់ដឹងពីគម្លាតរយៈពេលនៃការមានគភ៌សុវត្ថិភាព
– ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ មុនពេលប្រើថ្នាំ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង