×

ក្រៅពីលក់ម្ហូបហើយ វីជេអាណូ ប្រកាសទទួលការងារ Live ឬ Review ផលិតផលទាំងរបួសមិនទាន់ជាសះ

ភ្នំពេញ៖ បន្ទាប់ពីប្រឈមនឹងព្យុះភ្លៀងរហូតធ្លាប់បញ្ចប់ជីវិតខ្លួនឯងច្រើនលើកច្រើនសារប៉ុន្តែមិនបានសម្រេច និងការប៉ុនប៉ងសម្លាប់ខ្លួនសាជាថ្មីកាលពីពាក់កណ្តាលខែ សីហា ឆ្នាំ២០២៣ វីជេអាណូ បានធ្វើឱ្យកក្រើកគ្រប់បណ្តាសារព័ត៌មានចុះផ្សាយព្រោងព្រាត។

ទោះជាយ៉ាងណា ឆ្លងកាត់ដំណាក់កាលនេះហើយ វីជេអាណូ ទទួលបានពាក្យលួងលោមយ៉ាងច្រើនពីបណ្តាអ្នកសិល្បៈ និងអ្នកគាំទ្រដោយបានធ្វើឱ្យអតីតតារាស្រីរូបនេះសន្យាថា នឹងមិនធ្វើបែបនេះទៀតឡើយ គឺមានតែពង្រឹងភាពរឹងមាំដើម្បីកូនៗ។

គួររំឭកថា ការប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួនកាលពីពាក់កណ្តាលខែសីហា ត្រូវបានអតីតតារាស្រីរូបនេះបង្ហើបប្រាប់ខ្លះៗថា ដោយសារទទួលរងពាក្យប្រមាថមាក់ងាយពីមនុស្សជុំវិញខ្លួនថាជាស្រីយកប្តីគេ បូករួមជាមួយនឹងកូនស្រីមានជំងឺប្រចាំខ្លួនផងនោះ ទើបធ្វើឱ្យសម្ពាធផ្លូវចិត្តវាយប្រហារខ្លាំងដល់ថ្នាក់គិតខ្លីបែបនេះ។

យ៉ាងណាមិញ ដោយសារត្រូវតតាំងនឹងវាសនាធ្វើឱ្យ វីជេអាណូ មិនហ៊ានសម្រាកព្យាបាលរបួសយូរ ទើបសម្រេចចិត្តចេញពីពេទ្យ និងបន្តលក់ដូរវិញធម្មតាដោយមានមុខម្ហូបជាច្រើនបានចែករំលែកនៅលើគណនីហ្វេសបុករបស់នាងរាល់ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ វីជេអាណូ បានប្រកាសកាលពីពេលថ្មីៗនេះថា “ជម្រាបសួរ អ្នកទាំងអស់គ្នា នាងខ្ញុំ អាណូ អនុញាតិឱ្យខ្ញុំបានរួមការងារជាមួយអ្នកទាំងអស់គ្នាផង តែអំឡុងពេលនេះ បានតែអង្គុយទេ ( អង្គុយធ្វើការ live ឬ reviews អីក៏បាន ឱ្យតែសមស្រប នាងខ្ញុំទទួលធ្វើទាំងអស់ )។

គួរបញ្ជាក់ដែរថា បើទោះជាបាត់មុខពីសិល្បៈយូរឆ្នាំហើយក៏ដោយ ប៉ុន្តែគ្រាន់តែឃើញការចែករំលែកប្រកាសទទួលការងារថតផ្សព្វផ្សាយបែបនេះភ្លាម អ្នកគាំទ្រនាំគ្នាចែករំលែកយ៉ាងច្រើន ដោយគ្រប់គ្នាពិតជាចង់ឃើញការវិលត្រលប់មកវិញសាជាថ្មីរបស់ វីជេអាណូ ជាខ្លាំង ជាពិសេសគ្រប់គ្នាបានលាន់មាត់សរសើរសម្រស់ធម្មជាតិរបស់នាងថា នៅតែស្រស់ស្អាតខ្លាំងគ្មានប្រែប្រួលឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង