ខេត្តសៀមរាប៖ ក្រុមហ៊ុន CBS មានមោទកភាពសូមប្រកាសពីភាពជាដៃគូថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុន Green-G8 និងក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យមានការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលែនរដូវកាលទី២ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា នៅលើទីតាំងរមណីយដ្ឋានភ្នំគូលែនក្នុងខេត្តសៀមរាប ក្រោមនិយមន័យ “ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល” ដែលនឹងមិនត្រឹមតែផ្តោតទៅលើភាពសប្បាយរីករាយនៃការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្កត់ធ្ងន់ទៅលើការបេ្តជ្ញាចិត្តដ៏មិនងាករេរបស់យើងរាល់គ្នាក្នុងការជំរុញលើកកម្ពស់វិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ។
ការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលែន ត្រូវបានរំពឹងថានឹងអាចទាក់ទាញអ្នកចូលរួមសរុបជាង ៥០០នាក់ ដោយនឹងត្រូវឆ្លងកាត់តំបន់ដែនជម្រកព្រៃឈើដ៏ស្រង់បំព្រង ដែលនឹងផ្តល់ជូនអ្នកចូលរួមទាំងអស់នូវបទពិសោធនៃសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះដែរ នឹងមានការរៀបចំដាំកូនឈើសរុបចំនួន ៥០០ដើម នៅលើដងភ្នំគូលែនរួមទាំងតំបន់ឧទ្យានជាតិផ្សេងៗ ដើម្បីបន្ថែមភាពទាក់ទាញសម្រាប់ក្រុមភ្ញៀវទេសចរដើម្បីជំរុញវិស័យមួយនេះ ឱ្យកាន់តែមានភាពលេចធ្លោមួយកម្រិតថែមទៀត។
ការចូលរួមរបស់ក្រុមហ៊ុន CBS នៅក្នុងគម្រោងផ្តួចផ្តើមគំនិតមួយនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តជាយូរអង្វែងរបស់យើងរាល់គ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងរួមចំណែកទំនួលខុសត្រូវក្នុងសង្គម ដែលមានគ្របដណ្តប់នៅលើវិស័យផ្សេងៗទៀតជាច្រើន ដូចជាការអប់រំ បរិស្ថាន និងទេសចរណ៍។ ហើយតាមរយៈកិច្ចសហការនេះ យើងបានចូលរួមផ្សព្វផ្សាយបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអេកូទេសចរណ៍ ការដាំដើមឈើឡើងវិញ និងជំរុញលើកទឹកចិត្តសកម្មភាពគ្មានប្លាស្ទិកដើម្បីអនាគតស្រស់បំព្រងជានិរន្តរភាពរបស់ប្រទេសកម្ពុជា៕