ចិន៖ Austin Li Jiaqi វ័យ ៣១ឆ្នាំដែលទទួលបានរហ័សនាមថាជា “ ស្តេចក្រែម “ក្រោយបុគ្គលិកល្បីរូបនេះអាចលក់ក្រែមអស់ ១៥០០០ដើមត្រឹមរយៈពេលមិនដល់ ៥នាទីឡើយ។ Jiaqi ដែលជាអ្នកលក់លើបណ្តាញសង្គមល្បីឈ្មោះម្នាក់ កំពុងក្លាយជាប្រធានបទដែលរងពាក្យរិះគន់មិនសំចៃមាត់បន្ទាប់ពីកាលពីថ្ងៃអាទិត្យ កន្លងទៅខណៈពេលដែលលោក Live លក់ខ្មៅដៃគូសចិញ្ចើម ប៉ុន្តែត្រូវបានអ្នកមើលការ Live របស់លោកថា កាន់តែមានតម្លៃថ្លៃរហូតដល់ ៧៩យ័ន។
គ្រាន់តែឃើញពាក្យមួយម៉ាត់នេះមក Jiaqi ឆេះឆួលរហូតភ្លេចខ្លួនមិនបានបកស្រាយពីគុណភាពទំនិញដល់អ្នកមើលការ Live របស់លោកឡើយ ប៉ុន្តែលោកបានប្រើពាក្យសម្តីបែបនេះឆ្លើយតបទៅអ្នកមើលវិញបែបនេះថា “ ហេតុអ្វីបានជាថ្លៃម្ល៉េស? ការពិតតម្លៃនេះនៅនឹងថ្កល់រយៈពេលប៉ុន្មានឆ្នាំមកហើយ ពេលខ្លះបញ្ហាគឺនៅត្រង់អ្នក។ តើអ្នកមិនអាចរកចំណូលច្រើនជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទេ? តើអ្នកបានខំប្រឹងធ្វើការទេ?
ពាក្យឆ្លើយតបទាំងនេះបានធ្វើឱ្យអ្នកគាំទ្រ Jiaqi យល់ថា លោកបានភ្លេចកំណើតនៃការចាប់ផ្តើមដំបូងរហូតបានល្បី និងមានទ្រព្យសម្បត្តិមកដល់ពេលនេះ។ រងពាក្យរិះគន់ដូចព្យុះឡើងស្ពឹកមុខធ្វើឱ្យ Jiaqi ចេញមុខសុំទោសនៅលើ Weibo ជាសាធារណៈចំពោះពាក្យមិនសមរម្យរបស់ខ្លួន។ គាត់ក៏បាននិយាយដែរថា ក្នុងនាមជាអតីតបុគ្គលិកផ្នែកលក់គ្រឿងសម្អាង គាត់ដឹងថា “ការងារពិបាក” ដូច្នេះហើយអ្វីដែលគាត់និយាយច្បាស់ជាធ្វើឱ្យអ្នករាល់គ្នាខកចិត្ត។ គាត់បានបន្ថែមថា គាត់នឹងរៀនគ្រប់គ្រងអារម្មណ៍របស់គាត់បានប្រសើរជាងមុន។
បន្ថែមពីនេះទៀតសោត លោកក៏បាន Live សុំទោសទៅកាន់អតិថិជនស្រីៗម្តងទៀតជាមួយទឹកភ្នែករលីងរលោងដោយលោកបង្វែរពាក្យពេជន៍ផ្តល់គុណសម្បត្តិទៅអ្នកតាមដានដែលជាស្ត្រីទាំងអស់ថាជាអ្នកធ្វើឱ្យលោកទទួលបានជោគជ័យមកដល់សព្វថ្ងៃ។ ទោះជាយ៉ាងណា កំហឹងមួយភ្លែតរបស់ Jiaqi បានធ្វើឱ្យលោកបាត់បង់ចំណូលយ៉ាងច្រើន និងបាត់បង់អ្នកតាមដានរហូតដល់ ១លាននាក់ត្រឹមរយៈពេល ២៤ម៉ោង៕