ចំណេះដឹង៖ ប្រាសាទអង្គរវត្ត ឬ អាចហៅបានថាប្រាសាទអង្គរតូច បានក្លាយជាប្រសាទដែលជាប់ជាស្ថាបត្យកម្មកំពូលសាងសង់ឡើងក្នុងឆ្នាំ ១១២២ នៃគស ក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មទី២ ដោយប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរីជាង ៦ពាន់ក្បាលក្នុងការដឹកជញ្ជូនថ្មធំៗសរុបប្រមាណជាង ១០លានតោនសាងសង់ឡើងនៅលើផ្ទៃដីសរុប ៤០២ហិចតាដែលមានកម្ពស់សរុប ៦៥ម៉ែត្រ មានជើងសសរសរុប ១៥៣២ដើម ជាមួយពេលវេលានៃការសាងសង់ប្រមាណ ២៨ឆ្នាំ។
ក្នុងជំនឿទេវកថារបស់សាសនាហិណ្ឌូ អង្គរវត្ត មានរាង្គជាចតុកោណកែង ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រមាណជា ១៦គីឡូម៉ែត្រ។ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្ដោយប្រវែង ១៥០០ម៉ែត្រ X ទទឹង ១៣០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ និងជញ្ជាំងខាងក្រៅ ៣,៦ សហាតិមាត្រ ដោយស្មើនិង ២,២ ម៉ាយ ប្រវែងវែង គឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម ។
កំពូលប្រាសាទ មានសណ្ឋានដូចផ្កាឈូកក្រពុំ កំពូលប្រាសាទ អង្គរវត្ត មានកំពូលប្រាំ តំណាងឱ្យបញ្ចក្ខន្ធ ដែលជាក្ខន្ធទាំង៥របស់មនុស្ស “ក្ខន្ធ” គឺជាបាតុភូត នៃញាណ ទាំង៥ របស់មនុស្ស ដែលជាមូលដ្ឋាននៃវិញ្ញាណឱ្យដឹងអំពីខ្លួន ។ បញ្ចក្ខន្ធរួមមាន៖ រូបក្ខន្ធ វេទនាក្ខន្ធ សញ្ញាក្ខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ បន្ថែមពីនេះទៀតសោត ប្រាសាទអង្គរវត្ត សាងសង់ឡើងបែរមុខទៅទិសខាងលិច តំណាងឱ្យសេចក្ដីផុតទុក្ខ តាមដំណើរគោចរណ៍ របស់ព្រះអាទិត្យ ដែលធ្វើដំណើរ ពីថ្ងៃរះនៃទិសខាងកើត ហើយរលត់ទៅវិញនៅទិសខាងលិច។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ប្រាសាទអង្គរវត្តមានលក្ខណៈពិសេសជាច្រើនគួរឱ្យស្ញប់ស្ញែងដោយ៖
• ជាប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នាដោយរៀងរាល់ថ្ងៃទី២១ និង២២ ខែមីនា និងថ្ងៃទី ២២ និង២៣ ខែកញ្ញា គឺព្រះអាទិត្យរះ និងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)
• គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឱ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ២លានឆ្នាំ មានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រស្មើនឹងរវង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ ។
• ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស ៣ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយណ៍ អ័ក្សទាំង៣ប្រៀបដូចជារាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។
• គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង ។
• គ្រប់ប៉មនៃអង្គរវត្តជាចំនុចដែលបង្កើតរាងជាសត្វអណ្ដើកទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ ឬ កូរសមុទ្រចក្រវាឡ ។
• អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី៧ នៃរយៈទទឹងរបស់ផែនដីដែលខ្សែនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសា របស់ម៉ិចស៊ិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។
• អង្គរវត្តមានលក្ខណៈពិសេសខ្លាំងអាចប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
• អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង 200 ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect៕