
ថៃ៖ ការចែកផ្លូវគ្នារវាង Vill Wannarot និង Jespipat បានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង។ ទោះជាយ៉ាងណា ការចែកផ្លូវគ្នារវាងតារាល្បីទាំង ២នេះ Jes បានបញ្ជាក់ថា ដោយសារភាពមិនចុះសម្រុងគ្នាដែលអ្នកទាំង ២ខំប្រឹងអស់លទ្ធភាពហើយ មិនមានជនទី៣ មកជ្រៀតជ្រែកឡើយ ប៉ុន្តែនៅតែមិនអាចធ្វើឱ្យទំនាក់ទំនងមួយនេះមានភាពប្រសើរឡើយទើបធ្វើឱ្យគ្រប់យ៉ាងឈានដល់ដំណាក់កាលបញ្ចប់ទំនាក់ទំនងគ្នាបែបនេះ។

ក្រោយប្រកាសថាបានចែកផ្លូវគ្នាជាផ្លូវការហើយ Jes ទទួលរងពាក្យរិះគន់យ៉ាងចាស់ដៃពីមហាជនថា បែកបាក់ស្នេហា ប៉ុន្តែបែរជាផុសរូបសប្បាយជាមួយនឹងតួស្រី Ladiprang ធ្វើដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង រហូតធ្វើឱ្យគ្រប់គ្នាកើតការសង្ស័យថា Ladiprang គឺជាដើមហេតុដែលធ្វើឱ្យ Vill និង Jes បែកបាក់គ្នា។

បន្ទាប់ពីផ្ទុះពាក្យលេចឭបែបនេះភ្លាម Jes មិនអស់ចិត្តក៏បានចេញមុខបញ្ជាក់ម្តងទៀតថា រវាងលោក និង Vill បែកបាក់គ្នាមិនមានទាក់ទងនឹងជនទី៣ ឡើយតែមកពីលោក និង Vill មិនចុះសម្រុងគ្នា រីឯការផុសរូបជាមួយ Ladiprang គឺគ្រាន់តែជារូបភាពផ្សព្វផ្សាយរឿងថ្មីប៉ុណ្ណោះ។

យ៉ាងណាមិញ មហាជនបានផ្ទុះការចាប់អារម្មណ៍លើរូបថតរបស់ Ladiprang ដែលភ្ជាប់ជាមួយប្រយោគបែបនេះថា “We Keep this love in a photograph” បានន័យថា ពួកយើងរក្សាក្តីស្រលាញ់មួយនេះក្នុងរូបថត”។ រយៈពេលជាង ១ខែក្រោយ Ladiprang បានផុសរូបជាមួយ Jes នៅកន្លែងតែមួយ និងសម្លៀកបំពាក់តែមួយដូចទៅនឹងរូបដែលនាងផុសជាមួយប្រយោគដូចខាងលើ ជាហេតុធ្វើឱ្យមហាជនកាន់តែសង្ស័យថា អ្នកទាំង ២កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាកាន់តែច្បាស់។

បន្ថែមពីនេះទៀតសោត គ្រប់គ្នាក៏បានចាប់អារម្មណ៍ Story របស់ Vill ដែលនាងបានចែករំលែកប្រយោគមួយថា “Keep Calm And Let Karma Finish It” ដែលមានន័យថា រក្សាភាពស្ងប់ និងទុកឱ្យកម្មពៀរជាអ្នកសម្រេច។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់មហាជនប៉ុណ្ណោះ គ្រប់យ៉ាងមិនមានការទទួលស្គាល់ពីសមីខ្លួនឡើយ៕
