
សៀមរាប៖ មនុស្សប្រមាណជិត ៣០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ «ប្រកួតរត់ឡើងលើភ្នំគូលែន» ឬ “Kulen Mountain Trek Run” រដូវកាលទី២ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយពីការបញ្ចប់ការប្រើប្រាស់ប្លាស្ទិក, ដើម្បីទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅខេត្តសៀមរាប និងភ្នំគូលែន និងក៏បញ្ជាក់ពីការស្រឡាញ់សត្វឆ្កែផងដែរ ក្រោមនិយមន័យ «ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល»។

លោក ស៊ី រ៉ាមុនី អគ្គនាយកនៃនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបិរស្ថាន មានប្រសាសន៍ថា ការរត់ប្រណាំងនេះជាព្រឹត្តិការណ៍ដ៏ល្អមួយដែលមិនមានថង់ប្លាស្ទិក ស្របតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ចំនួន ៣ របស់ក្រសួងបរិស្ថាន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងចំណោមគោលការណ៍៣របស់ក្រសួងបរិស្ថានដែលយើងកំពុងអនុវត្តសព្វថ្ងៃនេះ ទី១ យើងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទី២ ការចូលរួមការពារអភិរក្សធនធានធម្មជាតិ និងទី៣ ការលើកកម្ពស់ចូលរួមជំរុញឲ្យមានភ្ញៀវទេសចរមកលេង»។
លោក ស៊ី រ៉ាមុនី បានឱ្យដឹងថា ការប្រកួតប្រជែងនៅក្នុងការរត់ប្រណាំងនេះ មានចម្ងាយ ២៥គីឡូម៉ែត្រ ឆ្លងកាត់ទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ក្នុងតំបន់ភ្នំគូលេន។ ក្រៅពីនេះ ក៏មានការរត់ប្រណាំងចម្ងាយ ១៥គីឡូម៉ែត្រ ផងដែរ សម្រាប់អ្នកដែលមិនមែនជាអ្នករត់អាជីព ឬអ្នកចង់បានលក្ខណៈបែបកម្សាន្ត។ ចំណែកការរត់ចម្ងាយ ៨គីឡូម៉ែត្រ គឺសម្រាប់ក្រុមមិត្តភក្តិ និងក្រុមមនុស្សដែលមានបំណងចង់រត់ជាមួយសត្វចិញ្ចឹម(សុនខ) ខណៈការរត់ចម្ងាយ ៥គីឡូម៉ែត្រ សម្រាប់អ្នកចូលរួមជាលក្ខណៈគ្រួសារ និងចង់ទទួលបានបទពិសោធន៍ដ៏រីករាយ។

លោក កឿម វុត្ថា អ្នកដែលបានចូលលរួមក្នុងការរត់ប្រណាំងនេះ បានសម្តែងនូវក្តីរំភើប ព្រោះថា ព្រឹត្តិការណ៍នេះ បានផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ តាមរយៈការរត់នៅក្នុងរមណីយដ្ឋានធម្មជាតិ ធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ។ ព្រឹត្តិការណ៍នេះវាមិនគ្រាន់តែការរត់ប្រណាំងនោះទេ ប៉ុន្តែវាបានបំផុសឲ្យយល់ដឹងអំពីផលប៉ះពាល់មកលើបរិស្ថាន តាមរយៈការមិនប្រើប្រាស់ប្លាស្ទិក ព្រោះសព្វថ្ងៃលោកសង្កេតឃើញមានការប្រើប្រាស់ថង់ប្លាស្ទិកជាច្រើន និងទុកដាក់មិនបានត្រឹមត្រូវ។
ព្រឹត្តិការណ៍ប្រកួតរត់ឡើងលើភ្នំគូលែននេះ មិនត្រឹមតែអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេចូលរួមប៉ុនណ្ណោះទេ ប៉ុន្តែអ្នករៀបចំក៏បានអនុញ្ញាតឲ្យអ្នកចូលរួមអាចយកសត្វសុនខ(ឆ្កែ) ដែលពួកគេចិញ្ចឹមទៅចូលរួមបានផងដែរ។
លោក សាន់ ជាអ្នកដែលបានចូលរួមរត់ ដែលបាននាំយកសត្វសុនខ២ក្បាល ទៅចូលរួមនោះ បានឱ្យដឹងថា ការនាំយកសត្វឆ្កែតូចៗរបស់លោកមកចូលរួមប្រកួតរត់ឡើងភ្នំគូលែននេះ ដោយសារលោកចង់ឲ្យប្លែក និងមួយទៀតក៏ចង់អំពាវនាវឲ្យបញ្ឈប់ការកាប់សម្លាប់សត្វឆ្កែធ្វើជាអាហារផងដែរ។ លោកបានចាត់ទុកសត្វឆ្កែជាសមាជិកគ្រួសារមួយដ៏ស្លូត និងស្មោះត្រង់នឹងម្ចាស់របស់វាណាស់ ដូច្នេះមិនគួរមនុស្សសម្លាប់សត្វឆ្កែដេីម្បីធ្វេីជាអាហារសម្រាប់បរិភោគនោះទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងឡើងលើភ្នំគួលែននេះ សហការរៀបចំឡើងដោយអង្គការ GreenG8 និងក្រសួងបរិស្ថាន, ក្រុមហ៊ុន CBS(CTN, CNC, MyTV, CBS Digital) និងមានក្រុមហ៊ុនជាច្រើនផ្សេងទៀតផងដែរ។ CBS មានមោទនភាព ដែលបានប្រកាសពីភាពជាដៃគូថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុន Green-G8 និងក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យមានការប្រកួតកីឡារត់ប្រណាំងឡើងលើភ្នំគូលែនរដូវកាលទី២ នៅលើទីតាំងរមណីដ្ឋានភ្នំគូលេនក្នុងខេត្តសៀមរាប។
ការចូលរួមរបស់ក្រុមហ៊ុន CBS នៅក្នុងគម្រោងផ្តួចផ្តើមគំនិតមួយនេះ ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តជាយូរអង្វែងរបស់យើងរាល់គ្នាចំពោះកិច្ចខិតខំប្រឹងប្រែងរួមចំណែកទំនួលខុសត្រូវក្នុងសង្គម ដែលមានគ្របដណ្តប់នៅលើវិស័យផ្សេងៗទៀតជាច្រើន ដូចជាការអប់រំ បរិស្ថាន និងទេសចរណ៍។ តាមរយៈកិច្ចសហការនេះ យើងបានចូលរួមផ្សព្វផ្សាយបេសកកម្មរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអេកូទេសចរណ៍ ការដាំដើមឈើឡើងវិញ និងជំរុញលើកទឹកចិត្តសកម្មភាពគ្មានប្លាស្ទិក ដើម្បីអនាគតស្រស់បំព្រងជានិរន្តរភាពរបស់ប្រទេសកម្ពុជា៕
