![]()
សិង្ហបុរី៖ Sherrin វ័យ ២១ឆ្នាំ និង Yixi វ័យ ២៤ បានស្គាល់គ្នាតាមរយៈកម្មវិធីណាត់ជួប ដែល Sherrin បានឱ្យដឹងថា Yixi គឺជាបុរសដំបូងដែលនាងបានជួបផ្ទាល់នៅខាងក្រៅតាមរយៈកម្មវិធីណាត់ជួប ហើយក៏ជាមិត្តប្រុសដំបូងរបស់នាងផងដែរ។

គូស្នេហ៍វ័យក្មេងទាំង ២នេះបានចាប់ផ្តើមទាក់ទងគ្នាជាផ្លូវការ និងចាប់ផ្តើមបង្កើតមាតិកាផុសក្នុងបណ្តាញសង្គមរហូតទទួលបានការគាំទ្រយ៉ាងច្រើន ខណៈអ្នកមួយចំនួនក៏មានការមិនពេញចិត្តចំពោះ Sherrin ដល់ថ្នាក់ពោលពាក្យរើសអើងពណ៌សម្បុរដោយចោទជាសំណួរថា “តើនាងមានរសជាតិ ឬក្លិនការីដែរឬទេ?

Sherrin ជាជនជាតិឥណ្ឌា រីឯ Yixi ជាជនជាតិចិន អ្នកទាំង ២ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី “R U Okay? Podcast” រៀបរាប់ពីប្រវត្តិស្នេហ៍ និងរឿងរ៉ាវដែលបានឆ្លងកាត់កន្លងមករយៈពេល ៣ឆ្នាំមកនេះ។ ក្រោយឭ Sherrin លើកឡើងនូវពាក្យដែលធ្លាប់ត្រូវបានគេសួរមិត្តប្រុសនាងថា នាងមានក្លិនការីដែរឬទេ? ពេលនោះអ្នកសម្ភាសន៍ក្នុងកម្មវិធីមានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថានាងធ្លាប់ទទួលបានពាក្យប៉ះពាល់អារម្មណ៍ដល់ថ្នាក់នេះឡើយ។

Sherrin និង Yixi បានឱ្យដឹងថា អ្នកទាំង២ ធ្លាប់ឆ្លើយតបទៅនឹងអ្នករិះគន់ក្នុងគោលបំណងធ្វើឱ្យការគិតរបស់អ្នករិះគន់ចំពោះអ្នកទាំង ២មានការប្រសើរឡើង ប៉ុន្តែអ្វីៗហាក់កាន់តែយ៉ាប់យឺន ដូច្នេះហើយទើបមកទល់ពេលនេះគូស្នេហ៍វ័យក្មេងមួយគូនេះលែងខ្វល់ពីមតិរិះគន់ពីអ្នកណាទាំងអស់៕