កម្មវិធី Chef Race By IZE ដែលជាកម្មវិធីប្រកួតធ្វើម្ហូបដ៏ថ្មីសន្លាងនៅក្នុងប្រទេសកម្ពុជាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ កាលពីសប្តាហ៍មុន ក្រុម CAMBODIA របស់នាយ ពែកមី ដែលមានរហស្សនាមថា ផ្ការីកគ្រប់រដូវ បានទទួលជ័យជម្នះលើក្រុមចំនួន២ផ្សេងទៀត។
ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១១ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CTN TV កម្មវិធី Chef Race By IZE មានក្រុមចំនួន ៣ គឺក្រុម CAMBODIA ក្រុម IZE និងក្រុម EXPREZ ដើម្បីចូលរួមក្នុងការប្រកួតធ្វើម្ហូបដ៏ស្វិតស្វាញ ដោយក្រុមនីមួយៗ តម្រូវឱ្យទៅផ្សារទំនើបជីបម៉ុងដើម្បីទិញគ្រឿងផ្សំបន្លែត្រីសាច់ ដើម្បីយកទៅចម្អិនជាមុខម្ហូបដែលពួកគេចាប់ឆ្នោតបាន រួចត្រូវមានបច្ចេកទេសរៀងៗខ្លួនដើម្បីលក់ទៅកាន់អតិថិជន។
ក្នុងសប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានជួបជាមួយតារាកិត្តិយស រួមមានកញ្ញា ចិន ចិន កញ្ញា ហ្វាត ហ្វាត និងលោក គឹម ធៀន ខណៈចុងភៅរបស់យើងមានដូចជាលោក យឹម ផានីន អ្នកនាង ទុយ សោភា និងលោក ឈឹម វិច្ឆិកា ដែលពួកគាត់ទាំង៦នាក់ បានចាប់ដៃគូគ្នាឡើងលើសង្វៀនម្ហូបរបស់ Chef Race By IZE ដើម្បីក្លាយជាម្ចាស់ជ័យលាភី។ សម្រាប់សប្ដាហ៍ទី៣នេះ កម្មវិធីនឹងប្រព្រឹត្តទៅនៅទីផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល។
Chef Race By IZE មិនត្រឹមតែបង្កើតពេលវេលាដ៏រីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតភាពស្និទ្ធស្នាលរវាងក្រុមនីមួយៗថែមទៀតផង។ ជាងនេះទៅទៀត កម្មវិធីនេះ ក៏បានបង្ហាញឱ្យទស្សនិកជនបានឃើញពីភាពសម្បូរបែបនៃម្ហូបខ្មែរ និងលើកទឹកចិត្តឱ្យពុកម៉ែបងប្អូនបានស្វែងយល់ពីវិធីនៃការចម្អិនម្ហូបប្រកបដោយភាពច្នៃប្រឌិត។
ដូច្នេះសូមរង់ចាំទស្សនាកម្មវិធី Chef Race By IZE ដើម្បីស្វែងរកថា តើក្រុម CAMBODIA ក្រុម IZE ឬ ក្រុម EXPREZ ដែលនឹងទទួលជ័យជម្នះ នៅសប្ដាហ៍ទី៣នេះ? Chef Race By IZE នឹងមានផ្សាយជូនទស្សនានៅថ្ងៃសៅរ៍ ទី៧ ខែតុលានេះ ចាប់ពីម៉ោង ១១ ព្រឹកដល់ ១២ថ្ងៃត្រង់៕