×

ឌី សូនិត្តា ក្តៅឆេវជាមួយអ្នកជិតខាងទាញដុំថ្មគប់បែកកញ្ចក់បង្អួចផ្ទះនាងដោយសាររឿងបន្តិចបន្តួច

ភ្នំពេញ៖ វិវាទរវាងអ្នកជិតខាង និងតារាចម្រៀង ឌី សូនិត្តា កំពុងរង់ចាំដំណោះស្រាយបន្ទាប់ពីអ្នកជិតខាងតារាចម្រៀងស្រីរូបនេះបានទាញដុំថ្មធំៗចំនួន ២ដុំគប់បែកកញ្ចក់បង្អួចផ្ទះតារាស្រីរូបនេះខណៈជាងកំពុងធ្វើការជួសជុលក៏បានស្វានធ្លុះជញ្ជាំងផ្ទះអ្នកជិតខាងរូបនោះ ២ប្រលោះតូច ប៉ុន្តែភ្លាមៗអ្នកជិតខាងនោះមិនបានមកប្រាប់ដំណឹងដើម្បីដោះស្រាយគ្នាឡើយ ផ្ទុយទៅវិញបែរជាពួកគេទាញដុំថ្មមកគប់ឆៅៗតែម្តង។

យោងតាមការបញ្ជាក់អ្នកដែលនៅកន្លែងកើតហេតុផ្ទះ អ្នកជិតខាងរូបនោះមិនត្រឹមតែគប់ដុំថ្មមកធ្វើឱ្យខូចខាតទ្រព្យសម្បត្តិភាគីផ្ទះ ឌី សូនិត្តា ប៉ុណ្ណោះទេ តែថែមទាំងបានជេរប្រទេចជាងជួសជុលផ្ទះថា ពួកក្ររហាមទៀតផង។ យ៉ាងណាមិញ បញ្ហានេះមិនបានធ្វើឱ្យនរណាម្នាក់រងរបួសឡើយ ទោះជាយ៉ាងណា ឌី សូនិត្តា បានឱ្យដឹងថា សំណាងហើយដែលកូនស្រីនាង និងអ្នកដទៃមិនកើតអី ព្រោះជាធម្មតា កូនស្រីនាងតែងអង្គុយនៅសាឡុងជិតបង្អួចនោះ។

ក្រោយផុសវីដេអូមក ឃើញមានគណនីបុរសម្នាក់ឈ្មោះ Sun Se បានចូលទៅ Comment តបថា “បងប្អូនកុំគាំទ្រទាំងងងុល ហើយកុំគិតថាតារាធ្វើអ្វីៗក៏ត្រូវ ហេតុ និងផលមាន ចុះតារាល្អដៀលគេចឹង តិចទៀតសុំទោសវិញឥលូវហើយ បងប្អូនរឿងច្រើនដងហើយ តែខ្ញុំមិនបាននៅក្នុងហេតុនោះ តែសូម្បីនៅថ្ងៃនេះ ក្រោយហេតុការណ៍ ខាងបុរីបានឱ្យខាងគាត់សូមទោសរួចហើយ តែគាត់មកឡាយវិញ”។

គ្រាន់តែឃើញ Comment បែបនេះភ្លាម ឌី សូនិត្តា បានតបវិញភ្លាមមិនបង្អង់យូរថា “ហើយទាក់ទងហ្នឹងផ្ទះខ្ញុំនៅ វាមិនសំខាន់លើតារា ឬ មនុស្សធម្មតាទេណាពូ សំខាន់គឺពូបានបំពានលើផ្ទះខ្ញុំដោយចេតនា ហើយបើចង់ឱ្យខ្ញុំសូមទោសក៏ល្អមើលដែរ ពូមកជួបខ្ញុំផ្ទាល់មក កុំគេចវេសទៀត។ ចាំជួបគ្នាថ្ងៃចន្ទ រវល់ប៉ុណ្ណាក៏ខ្ញុំលើកតាមពូដែរ។”

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ ឡើយដែលផ្ទះទាំង ២នេះមានបញ្ហាជាមួយគ្នា ដែលកាលពី១ឆ្នាំមុនក៏ធ្លាប់មានបញ្ហាស្រដៀងគ្នាបែបនេះដែរ ប៉ុន្តែគ្រប់យ៉ាងបានស្ងប់ស្ងាត់រហូតមកដល់ទល់ពេលនេះបានកើតឡើងសាជាថ្មី និងខ្លាំងក្លារហូតធ្វើឱ្យតារាស្រីរូបនេះទទួលយកមិនបានទើបផុសជាសាធារណៈបែបនេះ។

ទាក់ទងនឹងគណនីហ្វេសបុកឈ្មោះ Sun Se បន្ទាប់ពីចេញមុខតបតបែបនេះហើយ ធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នារិះគន់បុរសរូបនេះមិនសំចៃមាត់ ដោយមានមនុស្សជាច្រើនលើកទឹកចិត្តឱ្យតារាស្រីរូបនេះដាក់ពាក្យប្តឹងទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង