×

មូលហេតុអ្វីទើប នំអន្សម មានការពេញនិយមនៅរដូវបុណ្យភ្ជុំបិណ្ឌ?

ចំណេះដឹង៖ ប្រជាពលរដ្ឋខ្មែរតែងតែបង្កើតនូវការ វេចនំអន្សម ក្នុងអំឡុងពេលពិធី បុណ្យភ្ជុំបិណ្ឌ ដើម្បីជូនទៅកាន់ ឪពុកម្ដាយ គ្រូបង្រៀន ចាស់ព្រឹទ្ធាចារ្យ បងប្អូន និងសាច់ញាតិរបស់ពួកគេ ពីព្រោះវាជាទំនៀមមួយដែលធ្វើឱ្យពួកគេទទួលបាននូវ ស្នាមញញឹម ការជួបជុំគ្នា និង សាមគ្គីភាពដែលនាំឱ្យពួកគេទទួលបាននូវភាពស្រស់ស្រាយ និងភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារផងដែរ ទំនៀមវេចនំអន្សមភាគច្រើនជនជាតិខ្មែរតែងធ្វើឡើងនៅក្នុងកិច្ចពិធី បុណ្យភ្ជុំបិណ្ឌ ដើម្បីយកវាទៅប្រគេនព្រះសង្ឃ ដែលរង់ចាំព្រះវស្សាអស់រយៈពេល ៣ខែ ឬ ៩០ថ្ងៃ។

ព្រះសង្ឃគ្រប់ៗអង្គត្រូវគង់នៅក្នុងវត្ត ដើម្បីភាវនាធម៌ មិនអាចចេញមកដើរបិណ្ឌបាត្រ ឬ ចេញដើរហើរទៅណាមកណាដោយសេរីនោះទេ រឹតតែមិនអាចធ្វើដំណើរទៅសំណាក់សឹង (គេង) នៅតាមទីកន្លែងណាមួយនោះទេ ព្រោះវានឹងធ្វើឱ្យខុសព្រះវិន័យ ហើយព្រះសង្ឃដែលចង់ទៅណាមកណា ត្រូវមានការយល់ព្រមពីចៅអធិការវត្តជាមុនសិន ដោយបែបនេះហើយ ប្រជាពលរដ្ឋខ្មែរយល់ឃើញថា នំអន្សម ជានំដែលអាចរក្សាទុកហូបបានយូរ បានរយៈពេលលច្រើនថ្ងៃ ទើបប្រជាពលរដ្ឋខ្មែរតែងធ្វើនូវការវេចនំអន្សមនេះហើយយកវាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តអំឡុងពេលរដូវបុណ្យទាននេះ។

ការវេចនំអន្សមនេះទៀតសោតត្រូវមានគ្រឿងផ្សំសំខាន់ៗដូចជា អង្ករដំណើប សណ្ដែកបាយ ស្នូលសាច់ ដែលអាចដាក់តាមចំណង់ចំណូលចិត្ត សាច់ជ្រូក សាច់មាន់ ឬ សាច់គ្រឿងសមុទ្រផ្សេងៗ រឿងសំខាន់គឺស្លឹកចេក និង ខ្សែចងត្រូវរៀបស្លឹកចេកជាបន្ទះ រួចសឹមដាក់អង្ករដំណើបនៅជាន់ទី១។ បន្ទាប់មកសណ្ដែកបាយនៅជាន់ទី២ រួចហើយស្នូលនៅជាន់ទី៣ ឬនៅចំកណ្ដាល បន្ទាប់មកអាចបន្ថែមអង្ករដំណើប និងសណ្ដែកបាយពីលើបាន រួចសឹមយើង មូលនៅស្លឹកចេកនោះក្ដោបយកគ្រឿងទាំងអស់ហើយធ្វើការចង បន្ទាប់មកយកវាទៅចំហុយ ឬស្ងោរជាការស្រេច។

នំអន្សមនេះដែរគេមិនប្រើស្លឹកអ្វីផ្សេងយកមករុំក្រៅពីស្លឹកចេកនោះទេ ដោយសារស្លឹកចេកអាចធ្វើឱ្យអន្សមឆ្អិននបានល្អ និងមានក្លិនឈ្ងុយទៀតផង។ ទំនៀមហូប នំអន្សម របស់ជនជាតិខ្មែរយើងមិនត្រឹមតែពេញនិយមតែនៅរដូវកាលបុណ្យភ្ជុំប៉ុណ្ណោះទេ តែនំខ្មែរនេះប្រភេទនេះក៏ពេញនិយមក្នុងកិច្ចពិធីឯទៀតដូចជា៖ ពិធីមង្គលការ ពិធីឡើងអ្នកតា ចូលឆ្នាំខ្មែរ និង បុណ្យតាមតំបន់ភូមិស្រុកមួយចំនួនទៀតផងដែរ។

 

នំអន្សម មិនត្រឹមតែជានំសម្រាប់ហូបនោះទេ វាក៏ជានំមួយតំណាងឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់កម្ពុជាទៀតផងផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងការចែករំលែកអាហារទាំងអស់នេះ ជូនទៅលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ឪពុកម្ដាយ ដែលតំណាងឱ្យការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការអប់រំ បង្រៀន ហ្វឹកហាត់ កូនចៅឱ្យទទួលបាននូវចំណេះវិជ្ជាទាំងអស់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង