អាមេរិក៖ ស្ងាត់ៗតារាចម្រៀងស្រីដ៏ល្បី Taylor Swift បានចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុស Joe Alwyn បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៦ឆ្នាំក្រោមហេតុផលមិនចុះសម្រុងគ្នា ជាហេតុធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះខូចចិត្តជាខ្លាំងដែលនាងមានទាំងកេរ្តិ៍ឈ្មោះ រូបសម្រស់ និងសមត្ថភាពដើរទន្ទឹមគ្នា ប៉ុន្តែបែរជាអភ័ព្វស្នេហ៍ទៅវិញ។
ដំបូងឡើយអ្នកគាំទ្របានដាក់ក្តីសង្ឃឹមថា Joe ប្រាកដជាអាចកាន់ដៃ Taylor សាងគ្រួសារមិនខានដ្បិតទំនាក់ទំនងនេះមានរយៈពេលរហូតដល់ ៦ឆ្នាំ។ ប៉ុន្តែចុងក្រោយ Taylor នៅតែខកស្នេហ៍ម្តងជាពីរដងដដែល ហើយការចែកផ្លូវគ្នាជាផ្លូវការរវាង Taylor និង Joe ក៏បានប្រកាសជាសាធារណៈកាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
រហូតក្នុងខែឧសភា ឆ្នាំ២០២៣ Taylor បានមានទំនាក់ទំនងជាមួយនឹងតារាចម្រៀង Matt Healy ប៉ុន្តែរយៈពេលបានត្រឹម ១ខែប៉ុណ្ណោះ អ្នកទាំង ២ក៏បានចែកផ្លូវគ្នាវិញតែម្តង។ ទោះជាយ៉ាងណា រយៈពេលប៉ុន្មានខែមកនេះ ទីបំផុត Taylor បានបង្ហាញភាពស្និទ្ធស្នាលជាមួយកីឡាករ Travis Kelce ដោយអ្នកទាំង ២បណ្តើរគ្នាជាសាធារណៈចូលរួមក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។
បើទោះជាមិនទាន់ប្រកាសជាផ្លូវការពីទំនាក់ទំនងនេះក៏ដោយ ប៉ុន្តែសកម្មភាពមួយចំនួនអាចនឹងឱ្យអ្នកគាំទ្រយល់ច្បាស់ថាពួកគេកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន ជាមួយគ្នានេះផងដែរ Travis បានបង្ហាញឱ្យដឹងថា លោកចាប់ផ្តើមតាមចែចង់ Taylor តាំងពី ២ខែមុន។ មិនត្រឹមតែប៉ុណ្ណោះ គេឃើញវត្តមាន Taylor មានភាពស្និទ្ធស្នាលជាមួយម្តាយរបស់កីឡាកររូបនេះដល់ពហុកីឡដ្ឋានដើម្បីគាំទ្រលោកទៀតផង។
Taylor Swift និងម្តាយរបស់ Travis Kelce
តារាចម្រៀង Taylor Swift ត្រូវបានដឹងថា ជាតារាស្រីរូបមួយដែលមានកម្ពស់ខ្ពស់រហូតដល់ ១.៨០សង់ទីម៉ែត្រ ប៉ុន្តែបើក្រឡេកមើលពី Travis វិញរឹតតែមានកម្ពស់ខ្ពស់រហូតដល់ ២ម៉ែត្រឯណោះ៕