ភ្នំពេញ៖ ផន សុផារី ដែលមានឈាមជ័រជាអ្នកសិល្បៈបានទាញចំណាប់អារម្មណ៍ពីអ្នកនិយមលេងបណ្តាញសង្គមដោយសារការចែករំលែកវីដេអូកូនស្រីដ៏គួរឱ្យស្រលាញ់ទាំង ២របស់ខ្លួនព្រមទាំងគ្រួសារដែលពោរពេញដោយសុភមង្គលមង្គលនោះ បានស្ទុះប្រជាប្រិយភាពខ្លាំងត្រឹមមួយប៉ប្រិចភ្នែករហូតវីដេអូរបស់នាងចេញមកមួយៗតែងមានគុណភាពធ្វើឱ្យអ្នកគាំទ្រទស្សនាហើយចង់ទស្សនាទៀត។
សូម្បីតែវីដេអូមួយដែល ផន សុផារី បានច្រៀងរួមជាមួយប្អូនស្រីរបស់នាងក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតាឡើយដោយសារទឹកដមសំឡេងទាំងបងទាំងប្អូនមានភាពក្រអួនក្រអៅគួរឱ្យចង់ស្តាប់ ដែលនេះបានឆ្លុះបង្ហាញឱ្យឃើញពីឈាមជាអ្នកសិល្បៈចំតែម្តង។ គ្រាន់តែបានស្តាប់ប្អូនស្រីរបស់នាងដែលមានឈ្មោះ ផន សុគន្ធីរ៉ា ច្រៀងរួមគ្នាបានមួយបទហើយ អ្នកគាំទ្រជាច្រើននាំគ្នាសំណូមពរឱ្យនាងច្រៀងបន្ថែមទៀតដោយសារទឹកដមសំនៀងរបស់យុវតីរូបនេះគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។
ស្ថិតក្នុងវ័យ ១៥ឆ្នាំ សុគន្ធីរ៉ា មិនត្រឹមតែមានសមត្ថភាពច្រៀងបានពីរោះប៉ុណ្ណោះទេ តែបើក្រលេកមើលពីការសិក្សារបស់យុវតីរូបនេះវិញក៏មិនធម្មតាដែរ ដោយតាមរយៈការចែករំលែកនៅលើគណនីតិកតុករបស់ ផន សុផារី បានឱ្យឃើញថា ប្អូនស្រីខ្លួនដែលកំពុងសិក្សាថ្នាក់ទី ៩ដណ្តើមបានចំណាត់ថ្នាក់លេខ ១ដោយទទួលបានបណ្ណសរសើរពីសាលាជាហូរហែផងដែរ៕
គួរបញ្ជាក់ដែរថា សមិទ្ធផលមួយនេះបានធ្វើឱ្យគ្រួសាររបស់នាងមានមោទកភាពជាខ្លាំងដែលមានកូនស្រី និងប្អូនស្រីល្អទាំងព្រមបែបនេះ៕