×

កម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ CKCC លើកទី៣ បញ្ចប់ទៅដោយជោគជ័យ

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បានរៀបចំកម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ CKCCលើកទី៣ ដែលកម្មវិធីនេះបានសហការរៀបចំដោយបណ្ឌិតសភាកូរ៉េ (Academy of Korean Studies) និងទទួលបានការគាំទ្រពីមជ្ឈមណ្ឌលអប់រំកូរ៉េប្រចាំទីក្រុងហូជីមិញដែលជាស្ថាប័នស្ថិតក្រោមក្រសួងអប់រំកូរ៉េ (Ministry of Education, Korean Language Education Center in HCMC) ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអបអរដល់ទិវាថ្ងៃបុណ្យហាន់ហ្គឹល ដែលជាថ្ងៃបុណ្យខួបរំឭកដល់ការបង្កើតអក្ខរក្រមកូរ៉េ និងដើម្បីជំរុញទឹកចិត្តសិស្សានុសិស្សខ្មែរដែលកំពុងសិក្សាភាសាកូរ៉េ ការរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។

កម្មវិធីប្រកួតនេះ ត្រូវបានបែងចែកចេញជា២កម្រិត គឺការប្រកួតនិយាយភាសាកូរ៉េកម្រិតមធ្យម និងកម្រិតខ្ពស់។ សម្រាប់បេក្ខជនដែលបានចុះឈ្មោះចូលរួមប្រកួត គឺមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបង វិទ្យាស្ថានសេជុង និងវិទ្យាស្ថានជាច្រើនផ្សេងទៀតផងដែរ។ បេក្ខជនចំនួន១៤រូប ដែលទទួលបានឱកាសឡើងប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏ប៉ុន្តែមានតែបេក្ខជនចំនួន៨រូបប៉ុណ្ណោះដែលត្រូវជម្រុះឱ្យទទួលជ័យលាភី។ លើសពីនេះទៅទៀតក៏មានការចូលរួមពីគណៈកម្មការចំនួន៤រូប រួមមាន លោកស្រី Kim Hyun-Ju លេខាទី១ នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោក Kim Daniel នាយករងមជ្ឈមណ្ឌលអប់រំកូរ៉េប្រចាំទីក្រុងហូជីមិញ លោកស្រី Che Jungwon នាយករងទីភ្នាក់ងារកយកាប្រចាំនៅកម្ពុជា និងលោក Lee Hyo Seok អគ្គនាយកគាំទ្រប្រតិបត្តិការ នៃធនាគារ Woori ផងដែរ។

សម្រាប់បេក្ខជនកម្រិតមធ្យមជ័យលាភីលេខ១ បានទៅលើ កញ្ញា យឿន ចន្ធូ មកពីសាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានថវិកាចំនួន២លានរៀល, ជ័យលាភីលេខ២ បានទៅលើលោក សួន សុខាត់ មកពីសាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានថវិកាចំនួន១លាន៦សែនរៀល និងជ័យលាភីលេខ៣ បានទៅលើ លោក យ៉ាន សាអែម និងកញ្ញា យ៉ាន ស្រីតី មកពីសាកលវិទ្យាល័យជាតិមានជ័យ ដោយម្នាក់ៗទទួលបានថវិកាចំនួន១លានរៀល។ ចំពោះបេក្ខជនកម្រិតខ្ពស់ជ័យលាភីលេខ១ បានទៅលើ កញ្ញា ផន ចាន់នាដ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានថវិកាចំនួន២លាន៤សែនរៀល, ជ័យលាភីលេខ២ បានទៅលើ លោក កាក់ ជុងថៃ មកពីអង្គការ World Together Cambodia ទទួលបានថវិកាចំនួន ២លានរៀល និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា ស៊ុម សុណាលីលី មកពីសាកលវិទ្យាល័យគ្រីសស្ទានភីលីពីនបាត់ដំបង និង កញ្ញា ប៊ុន គីមយៀក មកពីវិទ្យាស្ថានភាសាបរទេស ដោយម្នាក់ៗទទួលបានថវិកាចំនួន១លាន២សែនរៀល។

ក្នុងកម្មវិធីនេះទាំងមូលមិនត្រឹមតែមានការប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េកម្រិតមធ្យម និងកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការសម្តែងរឿងព្រេងនិទានកូរ៉េពីក្រុមសិស្សស័្មគ្រចិត្តCKCC, ការសម្តែងក្បាច់រាំ K-POPពីក្រុមរាំ REONCE, ការសម្តែងក្បាច់គុនតៃក្វាន់ដូពីក្រុមសិស្សស័្មគ្រចិត្តCKCC និងការលេងហ្គេមដើម្បីឈ្នះរង្វាន់ពីកម្មវិធីផងដែរ៕



    


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង