
ឆ្លងកាត់៥សប្ដាហ៍កន្លងមក ប្រិយមិត្តរបស់កម្មវិធីប្រកួតធ្វើម្ហូប Chef Race By IZE ច្បាស់ជាបានជ្រាបហើយថា មិនទាន់មានក្រុមណាដែលមានសមត្ថភាពអាចផ្ដួលក្រុម CAMBODIA បានទេ សូម្បីតែក្រុមការងារយើងផ្ទាល់ក៏មានការភ្ញាក់ផ្អើលផងដែរ ដោយកំពុងរង់ចាំអ៊ុតមើលថាតើរវាងក្រុម IZE និង ក្រុម Exprez ក្រុមមួយណានឹងអាចបញ្ចប់កំណត់ត្រាឈ្នះរបស់ក្រុម CAMBODIA បាន?

នៅក្នុងសប្ដាហ៍នេះ បងប្អូននឹងបានជួបជាមួយតារាកិត្តិយស៣រូប ដែលសុទ្ធសឹងជាស្រីស្អាតប្រុសសង្ហា មកចាប់ដៃគូជាមួយចុងភៅអាជីពទាំង៣រូប ធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីស្វែងរកជើងខ្លាំងខាងចម្អិនម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសា អាចអន្ទងចិត្តរបស់អតិថិជនឱ្យចូលទិញម្ហូបរបស់ពួកគាត់។
តារាកិត្តិយសម្នាក់នៅក្នុងសប្ដាហ៍នេះ គឺលោក នូ ឧសភា ដែលប្រិយមិត្តមួយចំនួនតែងហៅគាត់ថា ប៉ាឈីងចាំង ដោយសារមុខមាត់ស្រដៀងនឹងតួអង្គក្នុងគំនូរជីវចលនេះតែម្ដង។ គាត់នឹងត្រូវតតាំងលើសង្វៀនធ្វើម្ហូបជាមួយស្រីស្អាត កញ្ញា ខន សូរិយា ដែលជាតារាសម្ដែងកំពុងលេចធ្លោ និង បុរសសង្ហា សាន់នី ។
ដើម្បីឱ្យកាន់តែច្បាស់ នៅក្នុងសប្ដាហ៍នេះ លោក នូ ឧសភា នឹងចាប់ដៃគូជាមួយលោក ផល សុភា ដែលជាចុងភៅអាជីព តំណាងឱ្យក្រុម CAMBODIA ហើយកញ្ញា ខន សូរិយា នៅក្រុម IZE ជាមួយលោក ហេង កុសល ខណៈលោក សាន់នី នឹងសហការជាមួយចុងភៅ អ្នកនាង ស្រីល័ក្ខ នៅក្រុម EXPREZ ក្នុងការដើរទិញគ្រឿងផ្សំបន្លែត្រីសាច់នៅក្នុងផ្សារទំនើបជីបម៉ុង ដើម្បីយកមកចម្អិនជាមុខម្ហូបដ៏ពិសេសដើម្បីទាក់ទាញអតិថិជននៅក្នុងសប្ដាហ៍ទី៦ របស់ Chef Race By IZE ។
បងប្អូនប្រាកដជាចង់ដឹងហើយមែនទេថាក្រុមមួយណានឹងក្លាយជាម្ចាស់ជ័យលាភីនៅក្នុងសប្ដាហ៍នេះ? តើម្ចាស់បទ “ព្រងើយ” លោកឧសភា នៅតែបន្តរក្សាកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់របស់ក្រុម CAMBODIA ឬមួយក៏ក្រុម IZE និងក្រុម EXPREZ អាចបញ្ចប់កំណត់ត្រារបស់ពួកគេបាន ឬយ៉ាងណា?
ចម្លើយនឹងត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុក Chef Race By IZE តែមួយគត់ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ចាប់ពីម៉ោង១១ព្រឹកតទៅ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race By IZE ទាំងអស់គ្នាណា៎!


