ភ្នំពេញ៖ កាលពីម្សិលមិញ មានការចែករំលែករឿងពិតមួយ ខណៈកំពុងឈប់ចាំស្តុប និងក្រលេកឃើញក្មេងប្រុសសុំទានម្នាក់ បុរសម្នាក់ក៏កើតចិត្តអាណិតខំហៅក្មេងប្រុសរូបនោះទៅធ្វើការជាមួយដោយផ្តល់ប្រាក់ខែឱ្យ ២៥០ដុល្លារក្នុងមួយខែ។
ម្ចាស់គណនីដែលបានចែករំលែករឿងនេះ បានរៀបរាប់ថា៖ “ជិះជួបប្អូនប្រុសសឹងរាល់ថ្ងៃ នៅទីតាំងនឹង ថ្ងៃនេះដាច់ចិត្តនិយាយជាមួយគាត់ ចង់ហៅគាត់ទៅនៅចាំចំការ ខ្ញុំឱ្យមើលគោ ប្រាប់គាត់ថាពូឱ្យប្រាក់ខែ ២៥០ដុល្លារមានកន្លែងស្នាក់នៅស្រាប់ ម្ហូបអាចរកក្នុងដីចំការស៊ីបានអត់ខ្វះទេ ..ដឹងគាត់ថាមេចទេ? ខ្ញុំអត់ទៅទេពូ ខ្ញុំនៅនេះទោះក្តៅតិចមែនតែអាចរកបាន ៣០០ដុល្លារ ទៅ៥០០ដុល្លារ ក្នុងមួយខែតាមភ្លៀងឬអត់ អត់ពិបាកខ្លាចគេស្តីឱ្យផង។ ខ្ញុំក៏ញញឹមហើយប្រាប់វិញថា អាក្អូនស្តុបខៀវហើយ ពូទៅហើយ ……! រឿងការពិត”
ការផុសនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្នកនិយមលេងបណ្តាញសង្គម ដោយបទពិសោធអ្នកខ្លះបានចែករំលែកឱ្យឃើញថា ពួកគេក៏ធ្លាប់ជួបផ្ទាល់បែបនេះដែរ ខំអាណិតហៅតែធ្វើការបែរឮចម្លើយហើយស្ទើរក្អួតឈាម៕