×

មោះៗ! អ្នកគាំទ្ររឿងភាគបុរាណខ្មែរកុំភ្លេចទស្សនារឿង “នាយខ្វាក់នាយខ្វិន” យប់នេះ

ភ្នំពេញ៖ រឿងភាគបុរាណខ្មែរពីស្ថានីយទូរស្សន៍ CTN បានផ្សាយជូនទស្សនិកជនទស្សនាហូរហែកន្លងមក និងទទួលបានការគាំទ្រផងនោះ ពេលនេះរឿងភាគបុរាណខ្មែរមួយទៀតហើយបានត្រៀមរួចជាស្រេចក្នុងការផ្សាយជូនទស្សនិកជនទស្សនានារាត្រីនេះ។


រឿងភាគបុរាណខ្មែរ “នាយខ្វាក់នាយខ្វិន” ដែលសាច់រឿងឆ្លុះបង្ហាញពីបុរស ២នាក់ម្នាក់ខ្វាក់ និងម្នាក់ទៀតខ្វិនគឺជាមិត្តល្អនឹងគ្នាដែលបានស្នាក់អាស្រ័យជាខ្ញុំបម្រើដែលមានម្ចាស់នៅផ្ទះជិតគ្នា ប៉ុន្តែដោយសារម្ចាស់ផ្ទះធ្វើបាបខ្លាំងពេក អ្នកទាំង ២ក៏បានរត់ចេញដើម្បីមានសេរីភាពដោយនាយខ្វាក់អៀវនាយខ្វិនរត់កាត់ព្រៃឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំបានដល់ភូមិមួយដែលមានមនុស្សម្នារស់នៅច្រើន។


ប៉ុន្តែចៃដន្យ ប៉ះចំភូមិដែលមានរឿងចម្លែកកើតឡើងដោយសារអ្នកភូមិទីនោះមិនថាមានឋានៈជាអ្វីឡើយពួកគេត្រូវប្រឈមនឹងក្លាយជាចំណីយក្ស ខណៈពេលដែលនាយខ្វាក់នាយខ្វិនទៅដល់ភូមិនោះក៏ជាពេលវេលាដែលកូនស្រីពៅរបស់ព្រះមហាក្សត្រត្រូវប្រគល់ខ្លួនធ្វើជាចំណីដល់យក្សនៅទីនោះផងដែរ។


ជាមួយនឹងរឿងភាគបុរាណខ្មែរ “នាយខ្វាក់នាយខ្វិន” នឹងបង្ហាញជូនទស្សនិកជនឱ្យបានដឹងថា សាច់រឿងយ៉ាងណាបន្តទៀត ថាតើនាយខ្វាក់នាយខ្វិនសម្រេចចិត្តរត់ចេញពីភូមិនេះឱ្យបានរហ័ស ឬ ពួកគេនឹងមានដំណោះស្រាយអ្វីមួយជួយអ្នកស្រុកអ្នកភូមិទីនោះ? កុំភ្លេចរង់ចាំទស្សនាទាំងអស់ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះតទៅវេលាម៉ោង ៨យប់នៅ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង