ការរង់ចាំរបស់ប្រិយមិត្តដើម្បីស្វែងរកក្រុមដែលអាចដណ្ដើមយកជ័យជម្នះលើក្រុម CAMBODIA ត្រូវបានបញ្ចប់ បន្ទាប់ពីក្រុម EXPREZ បានបញ្ចប់កំណត់ត្រាមិនស្គាល់ពាក្យថាឈ្នះរបស់ពួកគេ ដើម្បីដណ្ដើមយកជ័យលាភីលេខមួយ ពីការប្រកួតប្រជែងនៅលើសង្វៀនធ្វើម្ហូប Chef Race By IZE កាលពីសប្ដាហ៍ទី៦។
ជាការពិតណាស់ នៅក្នុងសប្ដាហ៍មុនៗនេះក្រុម CAMBODIA បានការពារកំណត់ត្រាឈ្នះរបស់ខ្លួនចំនួន ៥សប្ដាហ៍មកហើយ ខណៈក្រុម EXPREZ និងក្រុម IZE ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទទួលបាននូវទំហំទឹកប្រាក់ប្រកៀកប្រកិតតែប៉ុណ្ណោះ ទោះបីជាក្រុមនីមួយៗដែលមានការចូលរួមពីតារាកិត្តិយសល្បីៗនិងចុងភៅជំនាញ បានខិតខំអស់ពីសមត្ថភាពដើម្បីបញ្ចេញសិល្បៈនៃការលក់និងទាក់ទាញម៉ូយឱ្យចូលទិញម្ហូបរបស់ពួកគាត់យ៉ាងណាក៏ដោយ។
កាន់តែពិសេសទៀតហើយ នៅសប្ដាហ៍ទី៧នេះ ពូណុយ និងពូណម ក៏បានចូលរួមក្នុងកម្មវិធី Chef Race By IZE ដើម្បីបញ្ចេញសមត្ថភាពនៅក្នុងផ្ទះបាយរបស់ពួកគាត់ ដើម្បីបង្ហាញជូនដល់បងប្អូនទស្សនិកជនផងដែរ។ ដោយនៅថ្ងៃសៅរ៍ខាងមុខនេះ ពូណុយ នឹងស្ថិតនៅក្នុងក្រុម CAMBODIA ជាមួយ Chef សុផារី ។ រីឯពូណម នឹងសហការជាមួយ Chef ភារម្យ ដើម្បីបង្ហាញពីជំនាញធ្វើម្ហូបរបស់គាត់ ឱ្យប្រិយមិត្តបានឃើញថាតើមុខម្ហូបរបស់គាត់គួរឱ្យចង់ទទួលទានកម្រិតណា។
ប៉ុន្តែគេមិនអាចមើលរំលងក្រុម IZE បានទេ ដោយសារក្រុមនេះសុទ្ធតែអ្នកជំនាញខាងធ្វើម្ហូប និងមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមុខម្ហូបរបស់ពួកគាត់មានភាពទាក់ទាញ។ ក្រុមនេះ នឹងមានអ្នកតំណាងពីររូបគឺ កញ្ញា ស្រីពេជ្រ រួមជាមួយ Chef រ៉ាដូ ដែលពួកគាត់សុទ្ធតែបានប្តេជ្ញាដើម្បីដណ្ដើមយកជ័យជម្នះជាលើកដំបូងសម្រាប់ក្រុម IZE នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ជក់ចិត្ត Chef Race By IZE ។
ដូច្នេះសូមរង់ចាំទស្សនាកម្មវិធី Chef Race By IZE សប្ដាហ៍ទី៧ នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race By IZE នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ចាប់ពីម៉ោង ១១ព្រឹកដល់ ១២ថ្ងៃត្រង់៕