×

ក្រសួងអប់រំយុវជន និងកីឡា លើកទឹកចិត្តដល់សិស្សចំណាស់ជាងគេសម័យប្រឡងឆ្នាំមុនឱ្យទទួលបានជោគជ័យឆ្នាំនេះ

សង្គម៖ រំឭកទៅកាលសម័យប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២២ កន្លងទៅសិស្សវ័យចំណាស់ម្នាក់ដែលមានវ័យ ៥៦ឆ្នាំឈ្មោះ ហែម ស៊ីណាត បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងដែលទោះជាវ័យច្រើនហើយក៏ពិតមែនប៉ុន្តែស្ត្រីរូបនេះនៅតែតស៊ូសិក្សាដើម្បីប្រឡងយកសញ្ញាបត្រថ្នាក់បាក់ឌុប យ៉ាងណាគួរឱ្យសោកស្តាយដែលលទ្ធផលឆ្នាំមុនមិនទទួលបានជោគជ័យឡើយ។

ខណៈពេលដែលលទ្ធផលមិនទទួលបានជោគជ័យ និងមានការសោកស្តាយបន្តិចក៏ពិតមែន តែស្ត្រីរូបនេះបានបញ្ជាក់ឱ្យដឹងថាគាត់នឹងពង្រឹងសមត្ថភាពបន្ថែមដើម្បីត្រលប់មកប្រឡងម្តងទៀតនាឆ្នាំបន្ទាប់។ សម្រាប់ការប្រឡងឆ្នាំថ្មីកាន់តែខិតជិតមកហើយដោយនៅរយៈពេលត្រឹម ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ហើយ ដូចនេះតាមរយៈផេកក្រសួងអប់រំយុវជន និងកីឡាក៏បានផុសលើកទឹកចិត្តដល់សិស្ស ហែម ស៊ីណាត ផងដែរ។

គួរបញ្ជាក់ដែរថា មូលហេតុដែលអ្នកស្រី ហែម ស៊ីណាត ព្យាយាមទៅប្រឡងសញ្ញាបត្រទុតិយភូមិនេះគឺដើម្បីចង់ក្លាយជាគ្រូបង្រៀនដើម្បីបានប្រាក់មកដោះស្រាយជីវភាពរបស់ខ្លួន យ៉ាងណាមិញបច្ចុប្បន្នអ្នកស្រី ហែម ស៊ីណាត ក៏ជាគ្រូបង្រៀនអក្ខរកម្មមួយរូបដែលមានសិស្សវ័យប្រហែលៗគាត់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង