នៅព្រឹកថ្ងៃសៅរ៍ខាងមុខនេះ បងប្អូនប្រិយមិត្តរបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ពេញនិយម Chef Race By IZE នឹងបានជួបជាមួយនឹងវត្តមានរបស់តារាកិត្តិយសល្បីៗ សុទ្ធតែជាតារាវ័យក្មេង មានសម្រស់ស្រស់ស្អាតទាក់ទាញគួរឱ្យស្រឡាញ់ ពិសេសក៏មានអ្នកដែលទើបតែប្រឡងជាប់ថ្នាក់ទី១២ កាលពីចុងឆ្នាំមុនផងដែរ។
សម្រាប់សប្ដាហ៍នេះ តារាកិត្តិយសឃ្យូតៗទាំងបីដួងរបស់ Chef Race By IZE ដែលត្រូវចូលខ្លួនមកបង្ហាញពីស្នាដៃចម្អិនម្ហូបជាមួយ Chef អាជីពទាំងបី រួមមាន កញ្ញា នូណា កញ្ញា ឈិន មុន្នីនាថ និងកញ្ញា អាង សុជាតា ដែលតារាកិត្តិយសចុងក្រោយរូបនេះបានទទួលការចាប់អារម្មណ៍ខ្លាំងនៅពេល ក៏នាងបានប្រឡងបាននិន្ទេស D សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះបីជាមានភាពមមាញឹកជាមួយការងារសិល្បៈក៏ដោយ។
មកលើកនេះ កញ្ញា សុជាតា ត្រូវចូលរួមប្រឡងទៀតហើយ ប៉ុន្តែមិនមែនមកប្រឡងដើម្បីយកសញ្ញាបត្រទៀតទេ គឺមកប្រឡងលើការចម្អិនម្ហូប ដើម្បីឱ្យបងប្អូនដាក់ពិន្ទុតាមរយៈការជួយទិញមុខម្ហូបរបស់កញ្ញា នៅក្នុងកម្មវិធី Chef Race By IZE វិញម្ដង។
បើក្រឡេកទៅមើល តារាកិត្តិយសពីរដួងទៀត ក៏មិនណយដែរ ព្រោះសុទ្ធតែមានទេពកោសល្យក្នុងការទាក់ទាញម៉ូយឱ្យចូលទិញម្ហូបរបស់ពួកគាត់ផងដែរ។ ជាមួយនឹងវត្តមានរបស់តារាកិត្តិយស ដែលជាតារាសម្ដែងវ័យក្មេងឃ្យូតគួរឱ្យស្រឡាញ់ នូណា និង មុន្នីនាថ នឹងធ្វើឱ្យប្រិយមិត្តរបស់ Chef Race By IZE ដកចិត្តពុំរួចពីសម្រស់របស់ពួកគាត់ឡើយ។
នៅលើសង្វៀនប្រកួតធ្វើម្ហូប Chef Race By IZE សប្ដាហ៍ទី៨ ចុងភៅអាជីពចំនួនបីរូបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយតារាកិត្តិយសទាំងបីដួង ដើម្បីចាប់គូគ្នា ប្រកួតតំណាងឱ្យក្រុម CAMBODIA ក្រុម IZE និងក្រុម EXPREZ ក្នុងការដើរផ្សារទំនើបជីបម៉ុងដើម្បីទិញគ្រឿងផ្សំបន្លែត្រីសាច់យកមកចម្អិនជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ទៅតាមភាពច្នៃប្រឌិតរៀងៗខ្លួន។ ចុងភៅទាំងបី មានដូចជា លោក ទុយ ឡាយ លោក ហ៊ួរ ម៉េងហ៊ាង និង លោក សុខ វណ្ណដា។
ចង់ដឹងថាតើរវាងក្រុមទាំងបី ក្រុមណានឹងក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Chef Race By IZE សប្ដាហ៍ទី៨នេះ? កុំភ្លេចណា៎ រង់ចាំទស្សនាកម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race By IZE នាថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ចាប់ពីវេលាម៉ោង ១១ព្រឹកតទៅ!